ចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ
ក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន មានផ្កាយរណបសម្រាប់សង្កេតផែនដីចំនួន ៤០គ្រឿងកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទទួលរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយរណប។
លោក បានបន្តថា ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិសាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិស្ថាន ជំនួយសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា លើការគ្រប់គ្រងទិន្នន័យដែលបញ្ចូនចេញពីផ្កាយរណប ដើម្បីគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើរបស់កម្ពុជា។
ជាការឆ្លើយលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ចំពោះការការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ក្នុងនោះ ក្រសួង បានប្រើប្រាស់រួចហើយនូវទិន្នន័យដែលទទួលបានពីផ្កាយរណបក្នុងការពិនិត្យ តាមដាន និងវិភាគព័ត៌មាន ដែលជាផ្នែកមួយជួយពន្លឿនដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមភ្លាមៗ នៅតាមតំបន់គោលដៅផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ក៏នៅផ្តល់ឱកាសឱ្យទៅអ្នកជំនាញរបស់ក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតអំពីប្រសិទ្ធភាពនៃគម្រោងជាមួយក្រុមហ៊ុន ដើម្បីជំរុញការងារគ្រប់គ្រង និងការពារព្រៃឈើ ធនធានធម្មជាតិរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពទេ្វដង។
ក្រៅពីជំនួបជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុនខាងលើ ក៏បានជួបពិភាក្សាជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះផងដែរ។
គួររម្លឹកដែរថា កន្លងមក ក្រសួងរៀបចំដែនដី ក៏ធ្លាប់ប្រកាសដាក់ឱ្យដំណើរការនូវស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែងផងដែរ។
ក្នុងនោះដែរ ស្ថានីយទាំងនោះ អាចបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។ (អានបន្ថែម)

- Video Advertisement -