ជប៉ុនពន្លឿនការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ

ជំនួបរវាងក្រសួងសាធារណការ និងក្រុមជំនាញការជប៉ុន កំណត់សកម្មភាពអាទិភាពក្នុងការអភិវឌ្ឍច្រកទ្វារសមុទ្រឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មថ្នាក់តំបន់

កម្ពុជាបន្ថែមសន្ទុះក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមជំនាញការជប៉ុន ក្នុងគោលបំណងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏សំខាន់ក្នុងតំបន់។ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេសម្រាប់ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ។ ជំនួបនេះមានការចូលរួមពីក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន (OCDI) ដែលដឹកនាំដោយលោក Koichi Miyake។

គោលបំណងចម្បងនៃពិភាក្សានេះ គឺដើម្បីពិនិត្យ និងកែសម្រួលការងារអាទិភាព និងផែនការសកម្មភាពចាំបាច់ ក្នុងការប្រែក្លាយកំពង់ផែទឹកជ្រៅមួយនេះ ឱ្យទៅជាច្រកទ្វារតំបន់ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ តាមរយៈការបង្កើនសមត្ថភាពផែកុងតឺន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៥០០០TEUs។ ការអភិវឌ្ឍនេះស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពព័ស្តុភារកម្មជាតិ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិបន្ថែមទៀត។ ផែនការមេនេះផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមផ្នែកព័ស្តុភារកម្ម និងកំណត់ដំណោះស្រាយបច្ចេកទេស ក៏ដូចជារចនាសម្ព័ន្ធ ដើម្បីបង្កើនសមត្ថភាពលើកដាក់ និងស្តុកទំនិញឱ្យបានកាន់តែប្រសើរ។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើដំណោះស្រាយបច្ចេកទេសសម្រាប់ការពង្រីកផ្ទៃដីកំពង់ផែ រួមមានការសាងសង់ចំណតផែកុងតឺន័រថ្មី និងការបង្កើតតំបន់ព័ស្តុភារកម្មឯកទេស ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនខ្នាតធំៗចូលចតបាន។ ក្រុមជំនាញការជប៉ុនបានចែករំលែកបទពិសោធន៍លើការបញ្ជូលប្រព័ន្ធគ្រប់គ្រងទំនើបៗ ដើម្បីធានាថាកំពង់ផែនេះដំណើរការទៅតាមស្ដង់ដារសុវត្ថិភាព និងប្រតិបត្តិការអន្តរជាតិ។ កិច្ចសហការនេះគឺជាចំណែកយ៉ាងសំខាន់នៃកញ្ចប់ថវិកាសហការបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជា និងអ្នកជំនាញជប៉ុន ក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលដៅបញ្ចប់ផែនការសកម្មភាពដែលធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការការពារបរិស្ថាននៅតំបន់កំពង់ផែ។ នៅពេលដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុវិវត្តខ្លួនកាន់តែរីកចម្រើន វានឹងក្លាយជាម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ផ្លូវពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ទន្ទឹមនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) វិទ្យាស្ថានអភិវឌ្ឍន៍តំបន់ឆ្នេរនៃប្រទេសជប៉ុន (OCDI) និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបន្តជួបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាជំរុញការដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ដីនិងផ្ទះ ដែលជាសំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរ ក្នុងគោលដៅដើម្បីជំរុយដំណើរការរៀបចំប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែថ្នាក់តំបន់ និងមជ្ឈមណ្ឌលភស្តុភារកម្មអនុវត្តស្របទៅតាមផែនការមេ។

ថ្មីៗនេះប្រតិភូនៃសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក៏បានចូលជួបថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្ហាញពីឆន្ទះ និងជំរុញវឌ្ឍនភាពនៃគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) នេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]