តើគួរធ្វើដូចម្តេចពេលមានវិវាទដីធ្លីកើតឡើង?

មនុស្សភាគច្រើនប្រហែលជាគិតថា រាល់ពេលមានវិវាទដីធ្លី គឺត្រូវតែប្ដឹងផ្ដល់ឡើងដល់តុលាការ។ មិនខុសឡើយ! ប៉ុន្តែតុលាការគ្រាន់តែជានីតិវិធីចុងក្រោយ បន្ទាប់ពីយន្តការដោះស្រាយផ្សេងៗជាច្រើន។

តើយន្តការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការមានអ្វីខ្លះ ហើយត្រូវធ្វើឡើងយ៉ាងដូចម្ដេច?

តាមប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានធ្វើការបែងចែកជាវិវាទដីធ្លីជា ២ប្រភេទ។

ចំពោះវិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ (ដីប្លង់រឹង) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការជាអ្នកដោះស្រាយ។ តែចំពោះវិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី (ដីប្លង់ទន់) ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័ននានារួមមាន៖

ក.ក្រុមប្រឹក្សាឃុំ សង្កាត់
តាមការអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអ្នកប្រមូលគំនិតយោបល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ ប៉ុន្តែគ្មានសិទ្ធិសម្រេចនោះទេ។ ដោយគ្មានការសម្រេចបែបនេះ ករណីភាគច្រើនគ្រាន់តែធ្វើសវនកម្ម (ផ្ទៀងផ្ទាត់) នៅមុខក្រុមប្រឹក្សាឃុំ សង្កាត់ មុននឹងបញ្ជូនទៅថ្នាក់លើដោះស្រាយបន្ត។

ខ. គណៈកម្មការរដ្ឋបាល
គណៈកម្មការរដ្ឋបាលទទួលពាក្យបណ្តឹង និងដោះស្រាយរាល់វិវាទដោយប្រើវិធីសាស្រ្តសម្រុះសម្រួល។ ក្នុងករណីដែលការដោះស្រាយតាមវិធីសាស្រ្តសម្រុះសម្រួលមិនអាចសម្រេចបាន ត្រូវបញ្ជូនសំណុំរឿងទៅគណកម្មាការសុរិយោដីថ្នាក់ជាតិ។

គ. គណៈកម្មការសុរិយោដី
គណៈកម្មការសុរិយោដី មានសមត្ថកិច្ចស៊ើបអង្កេត និងដោះស្រាយវិវាទដីធ្លីដែលមិនបានចុះបញ្ជីសុរិយោដី។ គណៈកម្មការនេះ បែកចែកជា ០៣ គឺថ្នាក់ស្រុកខណ្ឌ ថ្នាក់ខេត្តក្រុង និងថ្នាក់ជាតិ។

ទំនាស់ដីធ្លីជាដំបូង ត្រូវដោះស្រាយនៅថ្នាក់ស្រុកឬខណ្ឌដែលមានសមត្ថកិច្ចត្រឹមតែផ្តល់ការគាំទ្រឱ្យមានការផ្សះផ្សា។ ប្រសិនគ្មានការព្រមព្រៀងគ្នានៅថ្នាក់ស្រុកខណ្ឌទេ ករណីនឹងត្រូវបញ្ជូនទៅថ្នាក់ខេត្តឬក្រុងឬបន្តទៅថ្នាក់ជាតិដើម្បីផ្សះផ្សាថែមទៀត ។

លើសពីនេះ គូភាគីក៏មានសិទ្ធិប្តឹងតវ៉ាសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅ តុលាការក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេច។

ឃ. អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
អាជ្ញាធរនេះ រដោះស្រាយវិវាទដីធ្លី ដោយបំពេញមុខងារបន្ថែមដល់គណៈកម្មការសុរិយោដី និងត្រូវបានផ្តល់សិទ្ធិឱ្យធ្វើសវនកម្មលើករណីទំនាស់ដីធ្លីនានាដែលផុតពីដែនសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី។ អាជ្ញាធរនេះភាគច្រើនដោះស្រាយវិវាទដីធ្លីភាគច្រើនពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ឬបុគ្គលមានឥទ្ធិពលក្នុងសង្គម។

ង. តុលាការ
តុលាការកម្ពុជាមានយុត្តាធិការទៅលើទំនាស់ដីណាដែលបានចុះបញ្ជី និងដីដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិរួចហើយ។ តុលាការ មានសមត្ថកិច្ចទទួលបណ្តឹងតវ៉ាពីគូភាគីដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។

បន្ថែមពីនេះ តុលាការ ក៏ដោះស្រាយករណីវិវាទកិច្ចសន្យាពាក់ព័ន្ធនឹងដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដីដូចជាវិវាទអំពីការបែងចែកមរតក និងវិវាទអំពីកិច្ចសន្យាទិញ លក់ ជួល បញ្ចាំជាដើម។

ក្រៅពីយន្តការផ្លូវការដែលបានរៀបរាប់ខាងលើប្រជាពលរដ្ឋអាចដាក់ពាក្យសុំអន្តរាគមន៍ ទៅក្រសួងមន្ទីរពាក់ព័ន្ធនិងស្ថាប័នភាគីពាក់ព័ន្ធនានាដើម្បីឱ្យជួយសម្រួលនិងពន្លឿនការដំណោះស្រាយបានផងដែរ។

សរុបជារួមមក យន្តការដែលគេប្រើប្រាស់ញឹកញាប់ជាងគេក្នុងការដោះស្រាយវិវាទដីធ្លី គឺគណៈកម្មការសុរិយោដី និងតាមប្រព័ន្ធតុលាការ ដែលមាននីតិវិធីច្បាស់លាស់ត្រឹមត្រូវនិងមានប្រសិទ្ធិភាព។

ប៉ុន្តែទោះជាយ៉ាងក្ដី បើទៅរួចគឺគួរតែជៀសវាងវិវាទដីធ្លី ឬដូចពាក្យចាស់ថា ការពារប្រសើរជាងព្យាបាល។ ទាំងនេះ គឺជាវិធីសាស្រ្តដើម្បីជៀសវាងរឿងក្តីក្តាំ ឬវិវាទនានាពេលទិញលក់ដី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]