តើវិស័យអ្វីខ្លះក្រៅពីអចលនទ្រព្យ ដែលរដ្ឋផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ?
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីជាការលើកទឹកចិត្តដល់អាជីវកម្មក្នុងវិស័យអចលនទ្រព្យ ដែលបានរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងវិបត្តិសកល ក្នុងនោះមានផ្នែកពន្ធដារជាកត្តាចម្បង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធលើអចលនទ្រព្យ ចំពោះអចលនទ្រព្យស្ថិតក្នុងភូមិសាស្ត្រមួយចំនួនក្នុងប្រទេសកម្ពុជា។
ក្នុងនោះដែរ ក៏មានការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារ និងការបង្កើនរយៈពេលបង់ពន្ធជាកញ្ចប់សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានផងដែរ។ ប្រភេទពន្ធនេះដែរ កន្លងមក រដ្ឋក៏ធ្លាប់បានលើកលែងម្តងរួចមកហើយកាលឆ្នាំ២០២២។ (អានបន្ថែម)
ក្រៅពីវិស័យអចលនទ្រព្យ តើរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គនាយកដ្ឋានពន្ធដារជាសេនាធិការ បានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារអ្វីខ្លះទៀត?
បន្ថែមពីការលើកទឹកចិត្តលើវិស័យអចលនទ្រព្យ រដ្ឋបានដាក់ចេញវិធានការលើកទឹកចិត្តផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗក្នុងនោះរួមមាន៖
១. គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ជាពិសេស លើកលែងពន្ធ លើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី ៣ឆ្នាំ រហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តឱ្យបង់ពន្ធលើប្រាក់ចំណូលតាមអត្រាកំណើន ត្រឹមកម្រិត ២៥%, ៥០%, និង ៧៥% សម្រាប់រយៈពេល ២ ឆ្នាំជាបន្តបន្ទាប់ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធ
- ការអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែម (VAT) សម្រាប់ឧស្សាហកម្មគាំទ្រ ឬអ្នកចុះកិច្ចសន្យាធ្វើការផ្គត់ផ្គង់ ទំនិញឬសេវាដោយផ្ទាល់ សម្រាប់បម្រើឱ្យការនាំចេញរបស់ឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មវាយនភ័ណ្ឌ ឧស្សាហកម្មផលិតស្បែកជើង ឧស្សាហកម្មផលិតកាបូបយួរ និងកាបូបដៃ និងឧស្សាហកម្មផលិតមួក
- វិធានការលើកទឹកចិត្តផ្នែកពន្ធដារដល់សកម្មភាព កាត់ ដេរ និងតម្រឹម របស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
- ការអនុគ្រោះឱ្យព្យួរទុកជាបណ្តោះអាសន្ននូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរបស់សហគ្រាសឧស្សាហកម្មផ្នែកវាយនភ័ណ្ឌកាត់ដេរ។
ជាមួយនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះ វិស័យ និងសកម្មភាពពាក់ព័ន្ធនឹងអចលនទ្រព្យ និងសំណង់ មិនទទួលបានការលើកទឹកចិត្តនោះទេ។ (អានបន្ថែម)
២. វិស័យមូលបត្រ
- វិធានការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ ជាពិសេសការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល ៣ឆ្នាំ, ការអនុគ្រោះបំណុលពន្ធ, និងការបន្ថយពន្ធកាត់ទុក ៥០% ការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ។
៣. វិស័យហិរញ្ញវត្ថុ
- ការព្យួរទុកជាបណ្ដោះអាសន្ននូវការអនុវត្តអាករលើតម្លៃបន្ថែម (VAT) លើសេវាដែលមិនមែនជាមូលដ្ឋានខាងហិរញ្ញវត្ថុ
- ការអនុគ្រោះពន្ធកាត់ទុកលើការទូទាត់ការប្រាក់លើប្រាក់កម្ចីពីបរទេសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
៤. វិស័យកសិកម្ម
- ការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញ
- ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូលនិងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម
- ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ
- ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម)
- ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
- ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះវិស័យកសិកម្ម (ផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ)
- ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ
៥. វិស័យអប់រំ
- ការលើកលែងពន្ធដារសម្រាប់គ្រឹះស្ថានសិក្សា ដោយលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធ លើប្រាក់ចំណូលនិងពន្ធអប្បបរមា, អាករលើតម្លៃបន្ថែម, និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ រហូតដល់ឆ្នាំ២០២៨
៦. វិស័យទេសចរណ៍
- ការលើកលែងការអនុវត្តកាតព្វកិច្ចពន្ធដារសម្រាប់ភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍
៧. វិស័យសំណង់
- ការអនុញ្ញាតឱ្យសហគ្រាសសំណង់បង់ប្រាក់ពន្ធតាមការគណនាជាក់ស្ដែងនៃគម្រោងនីមួយៗជាមុន
- វិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី (អានបន្ថែម)
បន្ថែមពីនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានអនុម័តលើយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលរួមបញ្ចូលវិធានការសម្រួលខាងសារពើពន្ធមួយចំនួនទៀត ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាក្នុងការជំរុញការអនុវត្ត។
……………………………………….
*ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះមានគោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះ ហើយមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ការប្រឹក្សាផ្នែកច្បាប់នោះទេ។ ខ្លឹមសារនៃអត្ថបទ ត្រូវបានសរសរឡើងយោងតាមឯកសារ និងជាបកស្រាយត្រឹមមួយជ្រុងនៃប្រធានបទ។ ករណីនីមួយៗ អាចមានភាពស្មុគស្មាញខុសៗគ្នា ឬត្រូវគ្រប់គ្រងដោយច្បាប់ និងបញ្ញត្តិច្រើនលើសពីមួយ។ ដូច្នេះ ដើម្បីភាពជាក់លាក់ សូមពិភាក្សាជាមួយទីប្រឹក្សាច្បាប់ អ្នកជំនាញផ្នែកច្បាប់ ឬមន្រ្តីជំនាញនៃស្ថាប័ន-អង្គភាពពាក់ព័ន្ធ។
- Video Advertisement -