តើអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីដើម្បីថែទាំផ្លូវវថភ្លើងក្រោមដីអាយុ ១៣៧ឆ្នាំ ឱ្យនៅដំណើរការបាន?
ក្រុមហ៊ុន Network Rail ថ្មីៗនេះ បានបង្ហាញពីភាគជោគជ័យរបស់ខ្លួនក្នុងការថែទាំ និងគ្រប់គ្រងផ្លូវរថភ្លើងក្រោមដីអាយុ ១៣៧ ឆ្នាំ ឱ្យនៅតែដំណើរការបានដោយរលូន និងមានប្រសិទ្ធភាពបានរហូតដល់សព្វថ្ងៃ តាមរយៈការប្រើឧបករណ៍ឌីជីថល។
ផ្លូវរូងក្រោមដី Severn គឺជាស្ពានក្រោមដីប្រវត្តិសាស្ត្រសម្រាប់រថភ្លើងដ៏សំខាន់ប្រវែង 7 គីឡូម៉ែត្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងវែលចាប់តាំងពីឆ្នាំ 1886។ បច្ចុប្បន្ន មានរថភ្លើងជាង 32,000 គ្រឿងឆ្លងកាត់វាជារៀងរាល់ឆ្នាំ ប៉ុន្តែរូងក្រោមដីនេះនៅតែអាចដំណើរបាន។
ជាក់ស្ដែង ផ្លូវរូងក្រោមដី Severn មានបញ្ហាប្រឈមជាច្រើនដូចជាការលេចធ្លាយទឹកឥតឈប់ឈរ ទីតាំងដែលពិបាកក្នុងការចុះទៅពិនិត្យស្វែងរកកំហូច និងពេលវេលាដែលមានកម្រិតសម្រាប់ជួសជុល។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ វិស្វករ Network Rail បានងាកមកប្រើប្រាស់កម្មវិធីឌីជីថល Bentley ដូចជា MicroStation, OpenRail Designer, ProjectWise, Bentley iTwin platform និង iTwin Experience ជាដើម។
កម្មវិធីទាំងនេះ ជួយដំណោះស្រាយបញ្ហាលើចំណុចផ្សេងៗ គ្នា ដូចជាប្រើកាមេរ៉ា Drone និងឧបករណ៍ចាប់សញ្ញា ដើម្បីស្កេនស្វែងរកកំហូចនានានៃគម្រោង។ បន្ទាប់មកទិន្នន័យទាំងនោះ ត្រូវបានវិភាគដោយ AI បូកផ្សំជាមួយទិន្នន័យភូមិសាស្ដ្រទីតាំងជាក់ ហើយជាចុងក្រោយបង្កើតគំរូប្លង់ដូចពិតនៃគម្រោងនៅក្នុងប្រព័ន្ធកុំព្យូទ័រ ហៅថាគំរូភ្លោះ។ គំរូភ្លោះនេះ ជួយឱ្យម្ចាស់គម្រោងដឹងគ្រប់យ៉ាងទាក់ទងនឹងគម្រោងាបានជាក់ស្ដែងពិតៗ ពិសេសអំពីកំហូច និងហានិភ័យ។
គំរូភ្លោះរួមបញ្ចូលព័ត៌មានផ្សេងៗជាច្រើនក្នុងទម្រង់ 3D ដូចជាស្ថានភាពស្រទាប់ផ្លូវរូងក្រោមដី ផ្លូវរថភ្លើង សញ្ញា ប្រព័ន្ធបង្ហូរទឹក និងឧបករណ៍ខ្សែខាងលើ ជាដើម។ ពិសេសជាងនេះ គឺគ្រប់យ៉ាងនេះគឺស្ថិតក្នុងកម្មវិធីតែមួយ ដែលក្រុមការងារគ្រប់ផ្នែកអាចមើលឃើញ និងចែករំលែកគ្នាបាន។
ឧបករណ៍ទាំងនេះបានជួយកាត់បន្ថយការរំខាន និងបង្កើនសុវត្ថិភាពនៅក្នុងគម្រោង។ ក្រុមហ៊ុនសម្រេចបានការកាត់បន្ថយ 50% នៃការទៅពិនិត្យទីតាំងជាក់ស្តែង និងការថយចុះ 70% នៃការស្ទង់មតិដោយដៃ។
ក្រៅពីនេះ គម្រោងនេះបាននាំឱ្យមានការកែលម្អ 60% នៃការគ្រប់គ្រងឯកសារ ដែលជួយសម្រួលដល់ការចូលប្រើព័ត៌មានសំខាន់ៗបានលឿនជាងមុន និងកិច្ចសហការកាន់តែរលូនរវាងក្រុមការងារ។
លើសពីនេះទៅទៀត ដោយការបញ្ចប់គំរូទ្រព្យសកម្មផ្លូវដែក 3D ដ៏ស្មុគស្មាញនៅក្នុងក្រុមហ៊ុន Network Rail សម្រេចបានការសន្សំទឹកប្រាក់ចំនួន 350,000 ផោន។
ការគ្រប់គ្រងគម្រោងនេះ គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់គំនិតផ្តួចផ្តើមផ្លូវដែកឌីជីថលដ៏ទូលំទូលាយរបស់ Network Rail ដែលមានគម្រោងពង្រីកវិធីសាស្រ្តនេះនៅទូទាំងផ្លូវរថភ្លើង និងស្ថានីយសំខាន់ៗចំនួន 250 ម៉ាយ។
រូបភាព Network Rail
រូបភាព Network Rail
រូបភាព Network Rail
- Video Advertisement -