​តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ

ISI GROUP និងក្រុមហ៊ុនអឺបេនលែន មាន​សេចក្តី​សោមនស្សរីករាយ​ក្នុង​ការ​សម្ពោធ​ប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុង​តំបន់ ISI PARK វេង ស្រេង។

កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និង​គម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុង​ទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង​ ស្រេង​។

បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប​ ២ ឆ្នាំនៃផ្សារទំនើប​ ខេ​​ ម៉ល វេង​ ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួម​របស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ មិត្តអ្នកសារព័ត៌មាន​ និង​ភ្ញៀវកិត្តិយសជាច្រើនទៀត។​

កាលពី ២៥​​​ ឆ្នាំមុន តំបន់​ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង​ មួយនេះ ធ្លាប់ជាវាលស្រែល្វឹងល្វើយដែលស្ថិតមួយនៅជាយនៃទីក្រុងភ្នំពេញ។ ប៉ុន្តែក្នុងរយៈពេលជាង ១០ ឆ្នាំក្រោ​យមក តំបន់នេះបានប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម ហើយភាគច្រើនត្រូវគេស្គាល់ថា «តំបន់ដំបូលខៀវ» ដែលសម្បូរទៅដោយរោងចក្រ និងអគារស្នាក់នៅរបស់បុគ្គលិករោងចក្រនៅក្នុងតំបន់នោះ។​

ក្រោយមក ស្របតាមគម្រោងប្លង់មេ និង ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បានវិវត្តខ្លួនពីតំបន់ឧស្សាហកម្មទៅជាតំបន់ពាណិជ្ជកម្មចម្រុះ ជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើប និងអគារពាណិជកម្ម ដែល​ជា​ទីតាំងគោលនៃបណ្តុំសេវាកម្ម​ផ្សេងៗ​ ដើម្បីផ្តល់ជូននូវភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម និងការរស់នៅប្រកបដោយភាពទាន់សម័យ ស័ក្តិសមបំផុតសម្រាប់អ្នករស់នៅ។​

ដំណាក់កាលអភិវឌ្ឍន៍ដំបូងនៃ ISI PARK វេង ស្រេង រួមមានអគារការិយាល័យប្រណិត ISI Tower ផ្សារទំនើប ខេ ម៉ល ផ្ទះអាជីវកម្ម និង ដែលជាទឹកដីនៃ​ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ។

ថ្លែងក្នុងឱកាសដ៏ពិសេសនេះដែរ លោក កាំង ទ្បេង ដែលជាអគ្គនាយកនៃ  ISI GROUP បានមានប្រសាសន៍ថា «ដំណើររបស់ ISI GROUP បានចាប់ផ្តើមតាំងពីជាង ២៥ ឆ្នាំមុនមកម៉្លេះ ដែលស្ថាបនិកដ៏ឆ្នើមរបស់យើងគឺ លោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកជំទាវ ឃុន ហៀង បានបង្កើតក្រុមហ៊ុនយើងពីដំបូងទ្បើយ មានឈ្មោះថា International Steel Industrial ដែលសព្វថ្ងៃត្រូវបានស្គាល់ថាជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល»

លោកបានបន្ថែមថា «ISI PARK ជាផ្នែកដ៏សំខាន់មួយនៃដំណើររបស់យើង និងជាទិសដៅអភិវឌ្ឍន៍មួយសម្រាប់តំបន់ទីក្រុងនៅកម្ពុជា។ យើងជឿជាក់ថា ការបន្តធ្វើឲ្យតំបន់នេះកាន់តែមានភាពរស់រវើកនឹងជួយជំរុញភាពរីកចម្រើនកាន់តែយូរអង្វែង ទាក់ទាញការវិនិយោគកាន់តែច្រើន និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ជុំវិញតំបន់នេះ»

ដំណាក់កាលដំបូងនៃការអភិវឌ្ឍតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង បាននាំមកនូវការកែប្រែមុខមាត់ថ្មីមួយនៅក្នុងតំបន់នេះ ដោយមិនត្រឹមតែផ្តល់សោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយលើកកម្ពស់ការរស់នៅបែបសហគមន៍ដ៏ជិតស្និទ្ធ និងរស់រវើក ផងដែរ។ គម្រោងទាំងអស់នេះ ជាស្នាដៃដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍទីក្រុងប្រកបដោយគុណភាព។

បច្ចុប្បន្ននេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ​ទៅលើគម្រោង ISI PARK វេង ស្រេង ដំណាក់កាលទី២ របស់ខ្លួនដោយចាប់ផ្តើមពី គម្រោងផ្ទះអាជីវកម្មចន្ទគីរី ដែលមានសក្តានុពលខ្ពស់ក្នុងការពង្រីកអាជីវកម្ម និងឱកាសក្នុងការវិនិយោគដ៏សម្បូរបែបនៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះនេះ។

ទន្ទឹមនឹងគ្នានេះដែរ ដើម្បីបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់សហគមន៍នៅក្នុងតំបន់ វេង ស្រេង ISI GROUP និងក្រុមហ៊ុនអឺបេនលែន ក៏កំពុងតែសិក្សាឱកាសវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងៗក្នុងការនាំមកជូននូវផលិតផល និងសេវាកម្ម​ផ្នែកអប់រំ និងសុខាភិបាលបន្ថែមទៀត។

ក្នុងឱកាសនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានអបអរសាទរខួបគម្រប់ ២ឆ្នាំរបស់ផ្សារទំនើប ខេ ម៉ល (K Mall) ដែលជាផ្សារទំនើបបែបសហគមន៍មានប្រជាប្រិយភាពបំផុតមួយក្នុងតំបន់ វេង ស្រេង។ ជាពិសេស ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អាជីវកម្មទាំង ៣៦ ដែលកំពុងដំណើរការនៅផ្សារទំនើប ខេ ម៉លនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ខេ ម៉ល បានបើកទ្វារទទួលស្វាគមន៍អ្នករស់នៅក្នុងតំបន់ វេង ស្រេង ប្រមាណ ៥០០.០០០​នាក់ និងបម្រើសហគមន៍បុរីប្រមាណជាង ២០បុរីនៅ​ជុំវិញជាមួយនឹងសេវាកម្មផ្សេងៗជាច្រើន និងជាទីតាំងសម្រាប់ការសម្រាកលម្ហែកាយជាមួយការរៀបចំសួនធម្មជាតិប្រកបដោយផាសុកភាពផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលទ្រព្យមួយរូបថា៖ « នៅអឺបេនលែន យើងតែងតែគិតគូរយ៉ាងហ្មត់ចត់ទៅលើការរចនា និងការបង្កើតទីតាំងដែលផ្តល់ជូននូវភាពវិជ្ជមាន និង​មាន​អត្ថន័យមួយដល់ជីវិតរស់នៅរបស់អ្នក​ប្រើប្រាស់។ យើងប្រកាន់ខ្ជាប់នូវបេសកកម្មមួយនេះ ដោយមានការយកចិត្តទុក ដាក់ខ្ពស់បំផុតទៅលើគម្រោងទាំងអស់ដែលយើងបានអភិវឌ្ឍ។ យើងជឿជាក់ថាយើងបានសម្រេចគោលដៅមួយនេះជាមួយដំណាក់កាលដំបូងនៃការអភិវឌ្ឍ ISI PARK វេង ស្រេង។ ​»

លោក កាំង ហុក ក៏បានបន្ថែមទៀតថា៖ « នេះគឺជាមោទកភាពមួយដោយបានចូល​រួម​ជា​ចំណែកនៃការផ្លាស់ប្តូរមុខមាត់នៅតំបន់ វេង ស្រេង តាមរយៈគម្រោងអភិវឌ្ឍ ISI PARK វេង ស្រេង។ រូបខ្ញុំផ្ទាល់ ក៏ទន្ទឹមរង់ចាំនូវការរីកចម្រើនសំខាន់ៗផ្សេងទៀតដែលនឹងបន្តកើតមាននៅក្នុងតំបន់នេះ នាពេលអនាគតផងដែរ។»

កម្មវិធី ISI PARK Media Night បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្នាដៃរបស់ ISI GROUP និងក្រុមហ៊ុន អឺបេនលែន ក្នុងពេលកន្លងមក និងការអភិវឌ្ឍថ្មីៗប្រកបដោយអត្ថន័យនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ ISI GROUP និងក្រុមហ៊ុន អឺបែនលេន ក្នុងការចូលរួមចំណែកកសាងការរស់នៅប្រសើរជាងមុន។

អំពី  ISI GROUP

ISI GROUP បានចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ បច្ចុប្បន្ននេះយើង គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា ។ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារ ជាង ២៥ ឆ្នាំ បុត្រសម្ព័ន្ធរបស់យើង គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកអគារ សំណង់ និង បច្ចេកវិទ្យា។

អំពីក្រុមហ៊ុនអឺបេនលែន

ក្រុមហ៊ុនអឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]