ត្រឹមឆ្នាំ២០២២ រដ្ឋអនុវត្តគម្រោងទឹកស្អាតបាន ១៩គម្រោង តម្លៃសរុបជាង ៧៤៧លានដុល្លារ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងអនុវត្តគម្រោងវិស័យទឹកស្អាតចំនួន ១៩គម្រោង ដែលមានថវិកាសរុបប្រមាណ ៧៤៧,៤៩លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។
ថវិកាសរុបនេះ រួមមានហិរញ្ញប្បទានឥតសំណងចំនួន ១២៩,៤៩លានដុល្លារអាមេរិក និងហរិញ្ញប្បទានសម្បទានមានចំនួន ៦១៨លានដុល្លារអាមេរិក។
ដោយឡែក ក្នុងចំណោមគម្រោងទាំងអស់ដែលរដ្ឋបាននឹងកំពុងអនុវត្តនេះ មាន ១៤គម្រោង ជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទឹកស្អាតរួមមាន៖
១) គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ធំ (មីនា,២០១៩-មេសា,២០២២)៖ ត្រូវចំណាយថវិកាប្រមាណ ២៨,៥លានដុល្លារអាមេរិក ជាជំនួយរបស់ជប៉ុន ដែលបានបញ្ចប់ការសាងសង់ និងកំពុងស្ថិតក្នុងដំណាក់កាលគ្រប់គ្រងដំណើរការ និងថែទាំ
២) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ (សីហា,២០២១-សីហា,២០២៣)៖ ត្រូវចំណាយថវិកាប្រមាណ ២១,៨៦លានដុល្លារអាមេរិកជាជំនួយរបស់ JICA ដែលសាងសង់សម្រេចបាន ៦៤% ហើយ។ (អានបន្ថែម)
៣) គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង៖ ត្រូវចំណាយថវិកាប្រមាណ ២៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលកំពុងសិក្សាប្លង់លម្អិតបច្ចេកទេសនៅឡើយ។ គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានផ្តល់ជំនួយសាជាថ្មីចំនួនជាង ៣០លានដុល្លារអាមេរិក ជាជំនួយចាស់ដែលបានផ្តល់កន្លងមក។ (អានបន្ថែម)
៤) គម្រោងសាងសង់ប្រព្រឹត្តិកម្មសម្អាតទឹកខ្នាតតូច៖ ជាជំនួយរបស់ JICA ដែលស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព ដោយអនុវត្តនៅរដ្ឋាករទឹកខេត្តពោធិ៍សាត់ និងរដ្ឋាករស្វយ័តសៀមរាប។
៥) គម្រោង Sustainable Water Supply by Introducing Water Supply Facility Ledger System៖ ជាជំនួយរបស់ JICA ដែលអនុវត្តរយៈពេល ៣ឆ្នាំ (ចាប់ផ្តើមនៅខែសីហា, ២០២២) ដោយគ្រោងអនុវត្តនៅរដ្ឋាករទឹកខេត្តស្វាយរៀង និងរដ្ឋាករស្វយ័តសៀមរាប។
៦) គម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន (កម្ចីពី ADB)៖ ត្រូវចំណាយថវិកាសរុប ៣៧,៤ លានដុល្លារអាមេរិក ក្នុងនោះបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៣,៤លានដុល្លារអាមេរិក។ គម្រោងនេះអនុវត្តចាប់ពីឆ្នាំ២០១៥ ដល់២០២២ ដែលអនុវត្តចំពោះរដ្ឋាករទឹកខេត្តកំពង់ចាម ពោធិ៍សាត់ កំពត ស្វាយរៀង កំពង់ធំ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ និងរដ្ឋាករទឹកស្ទោង។
៧) គម្រោងទឹកស្អាត និងអនាម័យខេត្ត៖ ត្រូវចំណាយថវិកាសរុប ១១៩,១៧ លានដុល្លារអាមេរិក ដែលអនុវត្តចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤ នៅរដ្ឋាករទឹកខេត្តបាត់ដំបង និងរដ្ឋាករទឹកខេត្តកំពង់ចាម។ (អានបន្ថែម និងបន្ថែម)
៨) គម្រោងលើកកម្ពស់ការផ្អត់ផ្គង់ទឹកស្អាត និងអនាម័យ (កម្ចីពីធនាគារពិភពលោក)៖ ត្រូវចំណាយថវិកាសរុប ៥៧,៥លានដុល្លារអាមេរិក ក្នុងនោះ បដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,៥លានដុល្លារអាមេរិក។ គម្រោងនេះ ចាប់ផ្តើមឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដោយកំពុងអនុវត្តនៅអនុគម្រោងខេត្តមណ្ឌលគីរី (រដ្ឋាករទឹកខេត្តមណ្ឌលគីរី), អនុគម្រោងខេត្តកំពង់ធំ (រដ្ឋាករទឹកស្ទោង និងតាំងក្រសាំង), អនុគម្រោងខេត្តសៀមរាប (ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម), អនុគម្រោងខេត្តបាត់ដំបង (ស្រុកភ្នំព្រឹក) និងអនុគ្រោងខេត្តកំពង់ឆ្នាំង (សាមគ្គីមានជ័យ និងស្រុកទឹកផុស)។
៩) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ៣១,១លានដុល្លារអាមេរិក ដែលជាជំនួយរបស់ JICA ចាប់អនុវត្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ និងកំពុងដំណើរការសាងសង់។ (អានបន្ថែម)
១០) គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ២៤៧លានដុល្លារអាមេរិក អនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ (អានបន្ថែម)
១១) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក ក្រុងភ្នំពេញរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុបប្រមាណ ២២,៤លានដុល្លារអាមេរិក ជាជំនួយរបស់ JICA។ (អានបន្ថែម)
១២) គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ត្រូវចំណាយថវិកាសរុប ១៣៤,៤លានដុល្លារអាមេរិក។ គម្រោងនេះ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ២០២៤ ខាងមុខនេះ។ (អានបន្ថែម)
១៣) គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (កម្ចីពី JICA )៖ ត្រូវចំណាយថវិកាសរុបប្រមាណ ១២៣លានដុល្លារអាមេរិក ដោយចាប់អនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៣ ដែលកំពុងដំណើរការសាងសង់។
១៤) គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យការពារជំងឺកូវីដ១៩ របស់រដ្ឋាករទឹកស្វយ័តសៀមរាប៖ ស្ថិតក្រោមជំនួយរបស់ JICA មានថវិកាប្រមាណ ៦៣៨.២២០ដុល្លារអាមេរិក ដែលចាប់អនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ក្រៅពីនេះ គម្រោង ៥ទៀត ជាគម្រោងផ្តោតជាសំខាន់លើការកសាងសមត្ថភាព រួមមានការបណ្តោះបណ្តាល ការរៀបចំគោលការណ៍ណែនាំផ្សេងៗជាដើម។
- Video Advertisement -