ធនាគារជប៉ុន AIIB កំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួនលើវិស័យអាទិភាពនៅកម្ពុជា

 

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) កំពុងស្វែងរកការពង្រីកការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង លោក Jin Liqun ប្រធានធនាគារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោកប្រធានធនាគារ AIIB បានអរគុណដល់កម្ពុជាដែលបានចូលរួមជាមួយធនាគារ​ AIIB ក្នុងនាមជាសមាជិកស្ថាបនិក​កាលពីឆ្នាំ២០១៦ និងបានឱ្យដឹងនូវប្រតិបត្តិការរបស់ធនាគារ AIIB ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន រួមមាន៖ វិស័យថាមពល, ការអភិវឌ្ឍទីក្រុង-ទីប្រជុំជន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

លោកប្រធានធនាគារ បានបញ្ជាក់ថា ធនាគារ AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយកម្ពុជា លើវិស័យទាំងនេះ​ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល​ ជាមួយកម្ពុជា។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តធ្វើការកាន់តែជិតស្និទ្ធ និងពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកឱកាសជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាង AIIB និងកម្ពុជា៕

ក្នុងដំណើរទស្សនកិច្ចដដែលនេះ ឃើញថាមានធនាគារជប៉ុនមួយទៀតគឺ ធនាគារ​​ (Japan Bank for International Cooperation-JBIC) ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជាផងដែរ។  (អានបន្ថែម)

កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលប្រទេសជាតិនៅតែបន្តស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]