ធនាគារជាតិ៖ វិស័យសំណង់ និងអចលនទ្រព្យស្រូបយកជាង ៣០% នៃឥណទានរបស់ធនាគារសរុបក្នុងឆ្នាំ ២០២០
ឥណទានអតិថិជនរបស់ធនាគារសរុបនៅកម្ពុជា ក្នុងឆ្នាំ ២០២០ មានដល់ទៅ ៣៧,៣ ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ១៤,៨% ហើយជាង ៣០% នៃកម្ចីសរុបនេះ ត្រូវបានប្រើក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ដដែលក៏បានបន្ថែមថា ក្នុងចំណោមឥណទានទាំងអស់ វិស័យសំណង់មានចំណែក ៩,២% កម្ចីទិញអចលនទ្រព្យ ៨,៥% និងប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លូន ១២,៨%។
ទន្ទឹមនឹងនេះដែរ នៅចុងឆ្នាំ ២០២០ ទ្រព្យសកម្មរបស់វិស័យធនាគារបានកើនឡើងដល់ ៥៩,៥ ពាន់លានដុល្លារ (កើនឡើង ១៥,៧%) ខណៈប្រាក់បញ្ញើមានចំនួន ៣៣,៨ ពាន់លានដុល្លារ (កើនឡើង១៥,៤%)។
របាយការណ៍បានបន្តទៀតថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ កន្លងមកបានធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រងឥណទាន។ ទោះបីឥណទានមិនដំណើរការ (អ្នកខ្ចីមិនសង) បានកើនឡើងបន្តិចបន្តួចប្រមាណ ២,៧% សម្រាប់ធនាគារ និង ១,៨% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រានេះគឺនៅទាប ហើយអាចគ្រប់គ្រងបាន។
ដោយសារតែមានវិបត្តិកូវីដ ឥណទានរៀបចំឡើងវិញ (ការប្ដូរលក្ខខណ្ឌបង់ប្រាក់ព្រោះមានបញ្ហារឿងចំណូល) សម្រាប់ឆ្នាំ ២០២០ មានរហូតដល់ទៅ ២៨០,០០ គណនី ឬស្មើនឹង ៤,២ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក្ដី ជារួម យោងតាមរបាយការណ៍នេះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពរឹងមាំ ទោះមានវិបត្តិកូវីដក្ដី។
ដោយឡែក ធនាគារជាតិនៃកម្ពុជាក៏បានព្យាករពីហានិភ័យផ្សេងៗផងដែររួមមាន ការអូសបន្លាយនៃជំងឺកូវីដ១៩ កំណើនសេដ្ឋកិច្ចយឺតនៅក្នុងតំបន់ និងពិភពលោក ការកើនឡើងនៃនយោបាយគាំពារនិយម ការផ្លាស់ប្តូរអាកាសធាតុ ការកើនឡើងនៃបំណុលគ្រួសារ ការថមថយនៃវិស័យទេសចរណ៍ និងជាពិសេស ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ។
គួរបញ្ជាក់ផងដែរថា ធនាគារពិភពលោក កាលពីថ្មីៗនេះបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤% នៅឆ្នាំ ២០២១ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីក៏ព្យាករណ៍ស្រដៀងគ្នាថាកំណើនសេដ្ឋកិច្ចអាចនឹងស្ទុះដល់វិញ ៥,៤%។ (អានបន្ថែម និងបន្ថែម)