ធនាគារ​ពិភព​លោក​ ព្រមផ្តល់​ទឹក​ប្រាក់​ ៩៣​ លាន​ដុល្លារសម្រាប់គម្រោងបែងចែកដីដល់ជនក្រីក្រ​​

ធនាគារពិភពលោក ទើបនឹង​បាន​អនុម័ត​ទឹកប្រាក់ ៩៣ លានដុល្លារ ជូនកម្ពុជា សម្រាប់យកមក​អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីផ្ដល់​​នូវ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដល់​កសិករសហគមន៍ក្រីក្រដែល​គ្មាន​ដី និង​ជនជាតិដើមភាគតិច​នៅកម្ពុជា។

សេចក្ដីប្រកាសរបស់​ធនាគារពិភពលោក​កាល​ពីថ្ងៃទី ២៦ មិថុនា បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ ជួយ​សម្រួល​ដល់​កសិកម្ម​ខ្នាតតូចនិងសហគមន៍ជនបទក្នុង​ការ​កាន់​កាប់​ដី​ធ្លី​ និង​ប្រើ​ប្រាស់ធនធានធម្មជាតិប្រកប​ដោយ​និរន្តរភាពដែល​ជា​ផ្នែកដ៏​សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។

ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រនេះ​ រដ្ឋាភិបាល បាន​បង្កើតក្របខណ្ឌច្បាប់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បី​ពង្រីកការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ជាមួយគ្នានោះ រដ្ឋាភិបាល បានរៀបចំផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងសន្តិសុខក្នុង​ការ​ប្រើ​ប្រាស់​ដី​ធ្លី​របស់ពួក​គាត់​ផងដែរ​។

LASED III នឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទប្រព័ន្ធធារាសាស្រ្តខ្នាតតូចការផ្គត់ផ្គង់ទឹកនិងអនាម័យសាលារៀនផ្ទះគ្រូបង្រៀន មណ្ឌល​សុខភាពក្នុង​តំបន់ និងមជ្ឈមណ្ឌលសម្រាប់​សហគមន៍ផងដែរ​។ សម្រាប់​អ្នកទទួល​សម្បទានដីសង្គមកិច្ចថ្មី នឹង​ទទួលបានជំនួយជា​គ្រាប់​ពូជ​សម្រាប់ដំណាំកសិកផល​សម្រាប់​ឆ្នាំដំបូងថែមទៀតផង។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការ​​ទទួល​បានសិទ្ធិ​ក្នុង​ការ​កាន់​កាប់​​ដីធ្លីមាន​សារសំខាន់​ណាស់ សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ព្រោះ​គម្រោង​នេះ​ នឹង​ធ្វើ​ឲ្យ​​ការអនុវត្តកសិកម្មកាន់តែប្រសើរឡើង​​បង្កើនផលិតភាពក៏ដូចជាទទួលបានសេវាសាធារណៈប្រសើរជាងមុនផងដែរ​។»

គួរបញ្ជាក់ផងដែរថាកាលពីខែមីនាកន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទើបបានស្នើថវិកាគំាទ្រគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នេះ ចំនួនប្រមាណ ១០០ លានដុល្លារ សម្រាប់យកមកអនុវត្តតពីគម្រោងចាស់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]