បច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា
បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។
ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។
ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។
យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។
លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។
លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ ដូចជាម៉ាស៊ីនកែច្នៃ ម៉ាស៊ីនកិនផ្លូវ (roller) ធុងដឹកជ័រកៅស៊ូ និងការផ្គត់ផ្គង់ទឹក ជាដើម»។
ដោយសារបច្ចេកវិទ្យានេះត្រូវបានគេយកទៅប្រើប្រាស់នៅទូទាំងពិភពលោកតាមកម្រិតខុសៗគ្នា យោងតាមការបញ្ជាក់របស់លោក Kim បច្ចេកវិទ្យានេះ គឺចំណេញពេលវេលា ហើយអាចសន្សំសំចៃថវិកាបានរហូតដល់ ៣៥ ភាគរយ ។
លោក Kim បញ្ជាក់ទៀតថា៖ « តាមរយៈបច្ចេកវិទ្យានេះ គឺធ្វើឱ្យផ្លួវប្រើប្រាស់បានយូរជាងមុន។ ដោយហេតុថាប្រទេសកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងដូច្នេះ ការបំផ្លាញដោយសារសំណើមគឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះហើយ នេះគឺជាមធ្យោបាយមួយដើម្បីលើកកម្ពស់គុណភាពផ្លូវ»។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីនេះ ហើយបានជំរុញឱ្យអ្នកចូលរួមស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យានេះអាចយកមកអនុវត្តនៅកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុលបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលមានការរៀបចំសិក្ខាសាលា ដែលមានអ្នកចូលរួមច្រើន ទាំងនិស្សិត ចូលរួមរៀនសូត្រពីរបៀបជួលជុលថែផ្លូវរបស់យើង ហើយបើតាមមើលរបៀបរបនេះ យើងអាចមានប្រសិទ្ធភាព អាចប្រើពេលវេលាតិច ហើយជួសជុលបានលឿន ជាពិសេសគឺតម្លៃសមរម្យ»។
- Video Advertisement -