ប្រព័ន្ធចម្រោះទឹកស្អាតតម្លៃជាង ១៥ម៉ឺនដុល្លារ នៅមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងបរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានតម្លៃ ១៥៦.១៥០ដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងខ្នាតតូចតម្លៃ ១៥៦.១៥០ ដុល្លារនេះគឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។”
ឯកឧត្តមបានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះបានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”
គួរបញ្ជាក់ថា គម្រោងខ្នាតតូចនេះ ស្ថិតក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។
ជាមួយនឹងគម្រោងនេះ រដ្ឋាករទឹកមណ្ឌលគិរិ អាចមានសមត្ថភាពផលិតទឹកស្អាតបានចំនួន ៥០% បន្ថែមទៀត។
គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។




- Video Advertisement -