ប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣
ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅតាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។
សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។
សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយកន្លែងនៃតំបន់ Mustang ក្នុងប្រទេសនេប៉ាល់ ម្យ៉ាងទៀតត្រូវបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញ Bill Bensley។
ចំនុចពិសេសនៃទីតាំងសណ្ឋាគារនេះ គឺលាក់នៅក្នុងជ្រលង Kali Gandaki ចន្លោះជួរភ្នំ Annapurna និង Dhaulagiri ដែលជាជ្រលងជ្រៅបំផុតមួយ និងកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។
Shinta Mani Mustang នឹងក្លាយជាសណ្ឋាគារដែលផ្តល់ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ ព្រោះរចនាបទ្មរបស់សណ្ឋាគារត្រូវបានរៀបចំឡើងជាមួយនិងទស្សនីយភាពដ៏ប្រណីត ៣៦០ដឺក្រេ ដែលអាចធ្វើឱ្យភ្ញៀវទទួលបាននូវភាពរំភើបមិនធ្លាប់មាននៅក្នុងតំបន់ហិម៉ាឡៃយ៉ា។
ក្នុងសណ្ឋាគារ មានភោជនីយដ្ឋានមួយដែលមានកន្លែងបរិភោគអាហារដ៏ធំ បារ៍ កន្លែងហាត់ប្រាណ អាងហែលទឹកក្តៅ បន្ទប់ស្ទីម សូណា ព្រមទាំងបន្ទប់ប្រជុំដ៏ធំថែមទៀតផង។
“Mustang” ជាភាសាទីបេ ប្រែថា “Plain of Aspiration” វាមានព្រំប្រទល់ជាប់នឹងខ្ពង់រាបទីបេ ដែលមានកម្ពស់ពី ១,៣៧២ ទៅ ៨,១៦៧ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។
Shinta Mani បច្ចុប្បន្នកំពុងដំណើរការសណ្ឋាគារចំនួនពីរក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅខេត្តសៀមរាប និងនៅភាគខាងត្បូងនៃភ្នំក្រវាញ ក្នុងស្រុកថ្មរូង ចម្ងាយប្រមាណជា ៣ម៉ោង ពីរាជធានីភ្នំពេញ។