ផលចំណេញពីការលក់ពីអចលទ្រព្យនឹងត្រូវជាប់ពន្ធ ២០% ចាប់ពីខែមករាឆ្នាំ ២០២១ តទៅ
អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។
ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬផ្ទេរមូលធន ក្រោយការដកចំណាយ។ ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។
អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០% ។
អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង២ រួមមាន៖
១) វិធីកាត់កងចំណាយតាមការកំណត់ ពោលគឺរដ្ឋអនុញ្ញាតិឱ្យកាត់ចំណាយ ៨០% នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ
ឧទាហរណ៍ អ្នកលក់ដីបាន ១លានដុល្លារ។ សម្រាប់វិធីទី ១ គឺមិនមែនយកពន្ធលើ ១លានដុល្លារ នេះទេ។ ពន្ធដាអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០%។ មានន័យថា គាត់ចំណេញតែ ២០ម៉ឺនដុល្លារទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ។
២) វិធិកាត់កងតាមចំណាយជាក់ស្តែង
ចំពោះវិធីទី ២ គឺកាត់ចំណាយជាក់ស្ដែងដោយ ចំណាយនោះមានដូចជា ថ្លែដើម ប្រាក់ពន្ធបានបង់ ចំណាយកម្រៃជើងសា និងចំណាយកែលម្អជាដើម។
អគ្គនាយកពន្ធដារ ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា៖ «ការអនុវត្តពន្ធលើចំណេញមូលធនគឺធ្វើឡើងដូចទៅនឹងប្រទេសដទៃផ្សេងទៀត ដែលអត្រាពន្ធលើចំណេញមូលធន មានរហូតដល់៤០% ទៅ៥០% ដូចជាប្រទេសបារាំង និងអូស្ត្រាលី«។
«រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអគ្គនាយកពន្ធដារប្រមូលពន្ធលើចំណេញមូលធននេះចាប់តាំងពី ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែដោយសារយើងខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យារពេលនូវការអនុវត្តពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១» ឯកឧត្តម បានបន្ត។
ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ពន្ធដារកំពុងផលិតវិដេអូរអប់រំស្តីពីការប្រមូលពន្ធលើចំណេញមូលធនទៅអ្នកជាប់ពន្ធបានយល់ពីនីតិវិធីនៃការប្រមូលពន្ធ និងការគណនា ក្នុងអំឡុងពេលពន្យារពេលនេះ៕

- Video Advertisement -