ផែនការមេរយៈពេល១០ឆ្នាំនឹងធ្វើឲ្យខេត្តកែបក្លាយជាតំបន់ទេចរណ៍លំហែកម្រិតខ្ពស់
ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំឲ្យមានផែនការមេអភិវឌ្ឍទេសចរណ៍រយៈពេល១០ឆ្នាំសម្រាប់ខេត្តកែប ដែលនឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់។
ជាក់ស្តែង រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី ១១ ខែធ្នូ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាទៅលើ«ប្លង់គោលគំនិត និងវិធីសាស្រ្តនៃការរៀបចំបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ នៅឆ្នាំ ២០២០-២០៣០»។
បើតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលខេត្តកែប ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយសម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង ៤ នៅកម្ពុជា។ ក្នុងនោះ ខេត្តកែបគឺមានសក្តានុពលខុសពីខេត្តផ្សេងៗ ដែលចាំបាច់ណាស់ដែលក្រសួងទេសចរណ៍ត្រូវរៀបចំឲ្យមានគម្រោងសិក្សាផែនការមេដើម្បីធ្វើយ៉ាងណា ឲ្យខេត្តនេះមានជារមណីដ្ឋានបែបប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍បែបធម្មជាតិពិតៗ។
គួរបញ្ជាក់ថា កន្លងមក លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា សម្រាប់ខេត្តកែបរដ្ឋាភិបាលទុកសម្រាប់ទេសចរណ៍បែបស្ងប់ស្ងាត់ សម្រាប់លំហែកាយ ទេសចរណ៍បែបសុខភាព មិនមែនទេសចរណ៍បែប mass tourism ឬទេសចរណ៍ដែលមានមនុស្សច្រើនសម្រុកទៅក្នុងពេលតែមួយ។
លោកថា ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមមាន បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនចង់ឲ្យមានការអភិវឌ្ឍន៍បែបកាស៊ីណូ សម្រាប់ខេត្តកែបនោះទេ ព្រោះខេត្តកែប គឺជាគោលដៅទេសចរណ៍បែបប្រណិត និងជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។ (អានបន្ថែម)