ផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺ កើនឡើងដល់ ១២ម៉ឺន ហិចតា
រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បើទោះបីជាកំពង់ស្ពឺមានកំណើននៃសំណង់រោងចក្រសហគ្រាសច្រើនក៏ដោយ ប៉ុន្តែផ្ទៃដីបង្កបង្កើនផលមិនបានថយចុះនោះទេ ពោលគឺមកទល់ពេលនេះ ផ្ទៃដីបង្កបង្កើនផលឡើងរហូតដល់ ១២ម៉ឺន ហិកតា ឯណោះ។
នេះបើយោងតាមហ្វេសប៊ុករបស់ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពី ថ្ងៃទី១៨ ខែឧសភា កន្លងមកននេះ។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ នេះ ផ្ទៃដីបង្កបង្កើនផលរបស់ខេត្តកំពង់ស្ពឺបានកើនឡើងពី ១១ម៉ឺនហិកតា ដល់ ១២ម៉ឺនហិកតា។
«មូលហេតុសំខាន់ៗពីរយ៉ាងនៃការកើនឡើងនេះ គឺទី១ ដោយសារតែពីមុនមកផ្ទៃដីស្រែត្រូវបានទុកចោលដោយសារសង្គ្រាម ហើយប្រជាពលរដ្ឋខ្វះមធ្យោបាយក្នុងការកាយពង្រីក និង ទី២ បច្ចុប្បន្ននេះប្រជាជនមានជីវភាពធូរធារមានលទ្ធភាពនៅក្នុងការទិញឧបករណ៍ សម្ភារៈកសិកម្ម ទើបធ្វើឱ្យផ្ទៃដីបង្កបង្កើនផលកើនឡើង»។
កាលពីថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏ធ្លាប់បានឲ្យដឹងថា ក្រៅពីវិស័យកសិកម្ម ខេត្តកំពង់ស្ពឺក៏ជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។
លើសពីនេះ កាលពីខែមេសា កន្លងមកនេះ ឯកឧត្តម វី សំណាង ក៏បានឱ្យដឹងថា មានរោងចក្រមកពី ២០ក្រុមហ៊ុន ដែលមានទីតាំងនៅប្រទេសមីយ៉ានម៉ា កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីនៅខេត្តកំពង់ស្ពឺ។ (អានបន្ថែម)