ផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោងស្តារនិងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះមានប្រវែងជាង ៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។
នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងមកពីសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) និងទីប្រឹក្សាបច្ចេកទេស WACC ។
ការត្រួតពិនិត្យនេះ បានគូសបញ្ជាក់ពីកិច្ចសហការប្រកបដោយជោគជ័យរវាងដៃគូក្នុងស្រុក និងអន្តរជាតិក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។
ក្រសួងបានបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ។ លើសពីនេះ ឧបករណ៍សុវត្ថិភាពចរាចរណ៍សំខាន់ៗ ដូចជាផ្លាកសញ្ញាផ្លូវ និងដ្យាក្រាមត្រូវបានដំឡើង ដោយធានាថាផ្លូវត្រូវបំពេញតាមស្តង់ដារសុវត្ថិភាពទាំងអស់ មុនពេលប្រគល់-ទទួលជាបណ្តោះអាសន្ន។
ផ្លូវជាតិលេខ៤១នេះ មិនមែនគ្រាន់តែជាការបង្ហាញស្នាដៃរបស់វិស្វកម្មប៉ុណ្ណោះទេ វាតំណាងឱ្យការតភ្ជាប់ជាយុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងកាត់តំបន់កាន់តែងាយស្រួលថែមទៀតផង។
គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)



- Video Advertisement -