ពានរង្វាន់នាំមកនូវសន្ទុះថ្មីដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យសំណង់និងអចលនទ្រព្យ
កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia ប្រចាំឆ្នាំនាឆ្នាំ២០១៨ នេះ បាននាំមកដោយ KHI ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ ចំនួនអ្នកនៅក្នុងវិស័យសំណង់និងអចលនទ្រព្យ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះមានការកើនឡើងច្រើន ទាំងអ្នកនៅក្នុងស្រុក និងក្រៅប្រទេស។ នេះបង្ហាញថាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពទាក់ទាញចំពោះអ្នកវិនិយោគផ្សេងៗនៅជុំវិញតំបន់។
ពិធីជប់លៀងអាហារពេលល្ងាចលំដាប់ផ្កាយ៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានស្វាគមន៍ភ្ញៀវប្រមាណ ៣៦០នាក់ ដែលធ្វើដំណើរពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា និងពីក្រៅប្រទេសដើម្បីអបអរសាទរវិស័យអចលនទ្រព្យ ដោយមានពានរង្វាន់ចំនួន ២៦ ត្រូវបានផ្តល់ជូនដល់អ្នកដែលល្អបំផុតនៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុក។
ជារួម អ្នកឈ្នះពានរង្វាន់ចំនួន ២៧ក្រុមហ៊ុន និងអ្នកទទួលបានការកោតសរសើរខ្ពស់ចំនួន ៣០ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ដោយគណៈកម្មាការដាក់ពិន្ទុឯករាជ្យសម្រាប់ភាពល្អនៅក្នុងការអភិវឌ្ឍ ការរចនា និងការប្រតិបត្តិអាជីវកម្មដ៏ល្អ។ មានអ្នកដាក់ពាក្យប្រកួតដែលមានសិទ្ធិចូលរួមជាង ៥០ ត្រូវបានទទួលដោយអ្នករៀបចំកម្មវិធីនៅឆ្នាំនេះ ដែលចំនួននេះគឺជិតស្មើពីរដងនៃចំនួនអ្នកដាក់ពាក្យសុំចូលប្រកួតកាលពីឆ្នាំមុន។
អ្នកឈ្នះពានរង្វាន់ធំ បុរី ប៉េងហួត គ្រុប ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតចំនួនបីឆ្នាំជាប់គ្នា និងទទួលបានពិន្ទុសរុបចំនួន១៧ គឺស្ថិតក្នុងចំណោមអ្នកដឹកនាំវិស័យនេះដែលបានទទួលកិត្តិយសនៅក្នុងព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ។
ពានរង្វាន់និងការកោតសរសើរជាច្រើនរបស់ក្រុមហ៊ុនរួមមាន ការទទួលស្គាល់ពិសេសលើទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR)។ នៅឆ្នាំ២០១៧ ក្រុមហ៊ុន បុរី ប៉េងហួត គ្រុប បានជួយក្នុងកិច្ចការសប្បុរសធម៌ជាច្រើនដោយបានបរិច្ចាគ “ជាង ២ លានដុល្លារ ហើយនាពេលថ្មីៗនេះបានដាក់ចេញនូវការផ្តួចផ្តើមគាំទ្រដល់សមាគមសិល្បៈប្រពៃណីខ្មែរ និងក្លឹបកីឡាជាច្រើន ព្រមទាំងគម្រោងសាងសង់ផ្លូវថ្មីមួយដែលបានសម្ពោធដោយនាយករដ្ឋមន្ត្រី” នេះបើតាមការកត់សម្គាល់នៅក្នុងការប្រកួតប្រជែង។
នេះគឺជាលើកទីមួយហើយដែលពានរង្វាន់ CSR ត្រូវបានផ្តល់ជូននៅក្នុងព្រឹត្តិការណ៍នេះ ហើយក្រុមហ៊ុន បុរី ប៉េងហួត បានទទួលពានរង្វាន់នេះរួមគ្នាជាមួយក្រុមហ៊ុនជប៉ុន Creed Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានក្រុមហ៊ុន Creed Asia (Cambodia) Co., Ltd. និងក្រុមហ៊ុន Triple Gem Assets Co. Ltd., សម្រាប់ “ការធ្វើឲ្យមានប្រជាប្រិយភាពនៃស្តង់ដារគុណភាពជប៉ុននៅក្នុងប្រទេសកម្ពុជានិងលើកកម្ពស់ការអភិវឌ្ឍសហគមន៍នៅក្នុងអចលនទ្រព្យរបស់ពួកគេ” នេះបើតាមគណៈកម្មាការដាក់ពិន្ទុ។ ក្រុម Creed Group ក៏ទទួលបានការទទួលស្គាល់ពិសេសលើការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ជាមួយនិងគម្រោងប្រើប្រាស់ចម្រុះជាច្រើនដែលកំពុងដំណើរការ ក្រុមអ្នកអភិវឌ្ឍន៍ទីក្រុងនៅភ្នំពេញ និងខេត្តព្រះសីហនុ បានប្រមូលពានរង្វាន់មាសជាច្រើនក្នុងកម្មវិធីនេះ រួមទាំងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា LIXIN Construction សម្រាប់គម្រោង CEO KT Pacific ក្រុមហ៊ុន Phnom Penh City Center សម្រាប់គម្រោង Eden Garden និងក្រុមហ៊ុន KHCN Investment and Development Co., Ltd. សម្រាប់គម្រោង The Seagate Suite ។
លោក សន ស៊ាប អ្នកដែលមានបទពិសោធន៍ខាងវិស័យនេះ១០ឆ្នាំ និងជាប្រធានគណៈកម្មាការដាក់ពិន្ទុ បានលើកឡើងថា គណៈកម្មាការដាក់ពិន្ទុឯករាជ្យបានធ្វើការដោយតម្លាភាព មិនលំអៀង និងយុត្តិធម៌នៅក្នុងការជ្រើសរើសអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលល្អបំផុតប្រចាំឆ្នាំ។ «ពានរង្វាន់ទាំងនេះមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតប្រជែងនេះក៏ជួយទាក់ទាញវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើនឡើង ដែលពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ពេលបច្ចុប្បន្ននិងអនាគត»។
ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) និងជាអ្នកថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី បានផ្តល់ការគាំទ្រដល់ពិធីប្រគល់ពានរង្វាន់សម្រាប់ការលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌីតលើការរចនា ការសាងសង់ និងនាំយកគំនិតអភិវឌ្ឍន៍ថ្មីៗមកក្នុងព្រះរាជាណាចក្រកម្ពុជា។
