ព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ

បើគិតត្រឹមដើមខែមីនានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី សម្រេចបាន ៣២% ហើយ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) នៅថ្ងៃទី៤ ខែមីនា។

CAIC បានបន្ថែមថា រហូតមកដល់ពេលនេះ ទឹកប្រាក់សរុបចំនួន ៤១៤ លានដុល្លារអាមេរិក ត្រូវបានចំណាយលើការអភិវឌ្ឍន៍ ដោយមិនរាប់បញ្ចូលតម្លៃដី។

ទោះបីជាការរាតត្បាតនៃជំងឺកូវីដ-១៩ និងការជន់លិចក្នុងរដូវវស្សាកន្លងមក បានបង្ករអាក់រអួលក្នុងការសាងសង់ក៏ដោយ គម្រោងនៅតែបន្តដោយរលូន ខណៈដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ គឺជាគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃជាង ១,៥ ពាន់លានដុល្លារអាមេរិក និងលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា នៅខេត្តកណ្តាល។

គម្រោងនេះ រចនា សាងសង់ ប្រតិបត្តិការ និងគ្រប់គ្រង ដោយក្រុមងហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។

ថ្មីៗនេះ CAIC ក៏បានចេញមូលបត្របំណុលដែលមានតម្លៃសរុប ៣០០ លានដុល្លារ ដើម្បីស្វែងរកទុនបន្ថែមមកវិនិយោគលើគម្រោងព្រលានដ៏ធំនេះ។ មកទល់បច្ចុបន្ន មូលបត្រតម្លៃជាង ១៦០លានដុល្លារ ត្រូវបានលក់ទៅឱ្យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នរដ្ឋាភិបាលនានា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]