មកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។
អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរដ្ឋបានដែរឬទេ?
ទ្រព្យសម្បត្តិឯកជន គឺសំដៅដល់ទ្រព្យទាំងឡាយ ដែលអាចជាចលនវត្ថុ ឬអចលនវត្ថុ ដែលមនុស្ស ឬក្រុមមនុស្សកាន់កាប់ជាកម្មសិទ្ធិតាមរយៈលិខិតស្នាម ឬបណ្ណសម្គាល់សិទ្ធិ អាចបែងចែក លក់ដូរស្របតាមច្បាប់។ ម្ចាស់កម្មសិទ្ធិករនៃទ្រព្យ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង តាមការកំណត់របស់ច្បាប់ជាធរមាន។ (អានបន្ថែម)
ដោយឡែក ទ្រព្យសម្បត្តិរដ្ឋ សំដៅលើទ្រព្យទាំងឡាយ ដែលកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ដែលមិនមែនជាកម្មសិទ្ធិឯកជន។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
ទ្រព្យទាំងនេះ អាចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ ភ្នំ ព្រៃឈើ ទន្លេ បឹង រ៉ែ សំណង់ប្រវត្តិសាស្ត្រ រមណីយដ្ឋាន ផ្លូវ ស្ពាន សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ផ្លូវដែក ព្រលានយន្តហោះ អគារដ្ឋ-ល-។
ម្យ៉ាងវិញទៀត ទ្រព្យដែលទទួលបានតាមរយៈលទ្ធកម្មនៃកម្មសិទ្ធិ មកជាទ្រព្យសម្បត្តិរដ្ឋ ដោយប្រើប្រាស់ ឬមិនប្រើប្រាស់ថវិការដ្ឋ មានជាអាទិ៍ ការទិញ ការដូរ អស្សាមិករណ៍ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ អាចចាត់ទុកជាទ្រព្យសម្បត្តិរដ្ឋបានផងដែរ។
ទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ឬគ្រឹះស្ថានសាធារណៈផ្សេង ដែលមានបញ្ជីសារពើភណ្ឌច្បាស់លាស់ ហើយត្រូវបានបែងចែកជាពីរប្រភេទ ដូចខាងក្រោម៖
ក. ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ៖ ជាទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ ហើយទ្រព្យនេះពុំអាចជាកម្មវត្ថុនៃការលក់ដូរ ការដាក់ប្រាតិភោគ ប្រទានកម្ម អច្ច័យទាន សម្បទានដី រឹបអូស និងពុំមានអាជ្ញាយុកាល។ ប៉ុន្តែ ទ្រព្យទាំងនេះ អាចដាក់ជួល ការធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈបាន លើកលែងតែទ្រព្យសម្បត្តិ ដែលមានលក្ខណៈជាបេតិកភណ្ឌវប្បធម៌ជាតិ។
ខ. ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ៖ អាចជាកម្មវត្ថុនៃការលក់ ឬដូរ ក្នុងករណីដែលទ្រព្យនោះស្ថិតនៅក្នុងភាពទំនេរពុំមានការប្រើប្រាស់ ឬបាត់បង់ប្រយោជន៍នៃការប្រើប្រាស់។ ការជួលទ្រព្យនេះ ត្រូវធ្វើឡើងតាមកិច្ចព្រមព្រៀង ឬកិច្ចសន្យា តែមិនត្រូវលើសពី ៥០ឆ្នាំនោះទេ។
ចំពោះទ្រព្យរដ្ឋទាំងពីរប្រភេទនេះ ប្រជាពលរដ្ឋ មិនមានសិទ្ធិកាន់កាប់ ចាត់ចែងបាននោះទេ តែអាចអាស្រ័យផលលើផ្នែកណាមួយនៃទ្រព្យ ដែលរដ្ឋបានអនុញ្ញាត។ តួយ៉ាង ប្រជាពលរដ្ឋ មានសិទ្ធកាន់កាប់ និងប្រើប្រាស់ដី តែក្នុងតំបន់សហគមន៍ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ) តាមរយៈប័ណ្ណដីធ្លី ដែលមានការបញ្ជាក់ការយល់ព្រមជាមុនពីក្រសួងបរិស្ថាន។ (អានបន្ថែម)
គួរបញ្ជាក់ថា៖ ចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ រដ្ឋអាចលក់ដូរ ឬជួលដល់បុគ្គលណាម្នាក់ ឬក្រុមហ៊ុនវិនិយោគណាមួយ ដែលរាជរដ្ឋាភិបាលតែងនិយមធ្វើ នោះគឺការកាត់ដីជួលឱ្យឯកជន ឬផ្តល់ជាដីសម្បទានសេដ្ឋកិច្ច។ ចំណុចនេះ រូបវ័ន្ត ឬនីតិបុគ្គល ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលលើដីទាំងនេះ អាចប្រកបអាជីវកម្ម ឬលក់ដូរ ឬជួលបន្តបាន តាមច្បាប់ជាធរមាន។
យ៉ាងណាមិញ នៅតែមានប្រជាពលមួយចំនួន កំពុងកាន់កាប់ ឬទន្ទ្រានដីចំណីផ្លូវសាធារណៈ និងចំណីមាត់ច្រាំងទន្លេដោយចេតនា ឬអចេតនា ដែលជាការកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយខុសច្បាប់។ ប្រការនេះ ទាមទារឱ្យមានការស្វែងយល់ឱ្យបានច្បាស់ មុននឹងចូលកាន់កាប់ ឬប្រើប្រាស់ ឬសាងសង់លើដីចំណីទាំងនោះ។ (អានបន្ថែម)
ដូចនេះ មុននឹងកាន់កាប់ ឬអាស្រ័យផលលើអចលនទ្រព្យដែលពុំមែនជារបស់ខ្លួន បុគ្គលនីមួយៗ គួរតែសិក្សាឱ្យបានច្បាស់ជាមុនសិននូវបញ្ហាផ្លូវច្បាប់ ដើម្បីជៀសវាងការប៉ះពាល់ផលប្រយោជន៍ ទទួលរងការផាកពិន័យ ឬទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន។
- Video Advertisement -