រដ្ឋគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ខ្នាតធំ ៦ កន្លែង ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី ៤
រដ្ឋាភិបាលកាលពីថ្មីៗនេះ បានចេញផែនការមេកំណត់អភិវឌ្ឍ ៦ តំបន់ធំៗ នៅក្នុងខេត្តមណ្ឌលគិរីទៅជាទិសដៅទេសចរណ៍ស្ដង់ដាសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ពោលគឺដើម្បីកែប្រែខេត្តភាគឦសានមួយនេះឱ្យក្លាយទៅប៉ូលសេដ្ឋកិច្ចទី ៤ បន្ទាប់ពីភ្នំពេញ តំបន់ឆ្នេរ និងសៀមរាប។
នេះបើយោងតាមកិច្ចពិភាក្សាលើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។
តំបន់អាទិភាពសំខាន់ៗទាំង ៦ ដែលត្រូវបានជ្រើសរើស រួមមាន៖
១) តំបន់របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង ៥ (ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក) ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថានប៉ុណ្ណោះ
២) តំបន់ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តឱ្យមានការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។
៣) ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង
៤) តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលអាចអភិវឌ្ឍន៍ ជាតំបន់ប្រជុំជនរណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ (អានបន្ថែម)
៥) តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍន៍ជាមណ្ឌលទេសចរណ៍នាពេល អនាគត
៦) តំបន់តាមច្រកព្រំដែន ដែលអនុញ្ញាតឱ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ
ជាមួយនឹងផែនការថ្មីនេះ ខេត្តមណ្ឌលគិរី រំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់ទៅ ៩០ម៉ឺននាក់ និងភ្ញៀវជាតិប្រមាណ ២លាននាក់ នៅឆ្នាំ ២០៣៥ ដែលនឹងជួយបង្កើតការងារយ៉ាងហោច ៨ម៉ឺនកន្លែង។
ផ្អែកលើតួលេខនេះ ខេត្តនេះនឹងអាចរកចំណូលផ្ទាល់បានពីវិស័យទេសចរណ៍ប្រមាណ ៥០០លានដុល្លារអាមេរិក និងដោយប្រយោលប្រមាណ ១០០០លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខេត្តមណ្ឌលគិរីផ្ទាល់តែម្តង។
គួរបញ្ជាក់ថា សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣០) នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗនេះ។