រដ្ឋចុះបញ្ជីភ្នំ ២ ទំហំជាង ១០០ហិកតា ក្នុងខេត្តកំពតជាតំបន់បេតិកភណ្ឌធម្មជាតិ

ក្រសួងបរិស្ថាន បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ ក្នុងខេត្តកំពត ដែលមានផ្ទៃដីសរុបប្រមាណ១០៨.៤៤ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ក្នុងអនុក្រឹត្យបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ចំណែកបេតិកភណ្ឌធម្មជាតិទី២ គឺភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។

ការចុះបញ្ជីភ្នំធម្មជាតិទាំងពីរនេះ គឺដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។

គួរបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណជាង ២ម៉ឺន ៨ ពាន់ហិកតា រួចមកហើយ។ (អានបន្ថែម)

- Video Advertisement -