ក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា
ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។
“ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។”
នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។
កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។
នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង នៅក្នុងខេត្តព្រះវិហារ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ ភ្នំត្បែង ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌដំបូងគេបង្អស់ នៅក្នុងឆ្នាំ២០១៦ ដែលមានផ្ទៃដីសរុប ២៥ ២៦៩,៤១ ហិកតា។
ក្នុងទិសដៅការងារពេលខាងមុខ លោក លឿង កេសរោ បានឱ្យដឹងបន្ថែមថា “ពេលនេះ ខ្ញុំកំពុងសិក្សាភ្នំនៅក្នុងស្រុកខ្មែរទាំងអស់។ បើពាក់ព័ន្ធនឹងថវិកាវិញ បើខាងprivate [វិស័យឯកជន] សហការជាមួយ ល្អម៉ង! ឯកឧត្តមរដ្ឋមន្ត្រី លោកបានណែនាំឱ្យគិតគូមើលលើភ្នំដែលមានសក្តានុពលដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ អភិរក្សអីហ្នឹងជាហូរហែរហ្នឹងណា…។”
ក្នុងពេលថ្មីៗនេះ ក្រសួងបរិស្ថាន ក៏បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០៦ នៅក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានទំហំផ្ទៃដីសរុបប្រមាណ២០០០ ហិកតា និងនៅក្នុងខេត្តបាត់ដំបងចំនួន ០៣។ (អានបន្ថែម)
បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ តំបន់បេតិកភណ្ឌធម្មជាតិ សំដៅតំបន់ក្នុងដែនដីគោក និង/ឬ ដែនទឹក ដែនតំបន់នោះមានលក្ខណៈពិសេសពីតំបន់ធម្មជាតិ ឬពាក់កណ្តាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬប្លែកពីគេ។ ម្យ៉ាងទៀត ដោយសារតំបន់នោះ ជាភូមិសាស្ត្រមានដោយកម្រ មានគុណភាព ជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬមានគុណភាពខាងផ្នែកសោភ័ណភាព ឬសារៈសំខាន់ខាងផ្នែកវប្បធម៌៕
- Video Advertisement -