រដ្ឋចំណាយ ៧៨លានដុល្លារ អនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ នៅប៉ោយប៉ែត
រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលត្រូវចំណាយទឹកប្រាក់ ៧៨លានដុល្លារ ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបែបនេះប្រាប់អ្នកពត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ០២ចំណុច ដើម្បីអភិវឌ្ឍក្រុងប៉ោយប៉ែត ដែលជាឆ្លើយតបនឹងការកើនឡើងនៃប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ទៅមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកអភិបាលបានបន្តថា គោលនយោបាយសំខាន់ៗនោះរួមមាន៖
ទី១_ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។
ទី២_ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗឱ្យបានច្បាស់លាស់ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។
លោកបានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងថ្នាក់ជាតិមួយហៅថា “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ដែលមានគោលដៅសំខាន់ៗចំនួន ០៤ រួមមាន ១). គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ២). គម្រោងធ្វើផ្លូវ ៣). ធ្វើទីលានចាក់សំរាម និង៤). គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹកភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។
ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ លោកអភិបាលក្រុង បានបញ្ជាក់ថា គម្រោងខ្លះ បានសម្រេចហើយ តែនៅមានគម្រោងមួយចំនួនទៀតកំពុងបន្ត ដោយក្នុងនោះ គម្រោងចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូ ត្រូវបានក្រុមការងារក្រុង និងសង្កាត់កំពុងមមាញឹកសាងសង់ ដើម្បីអាចរំដោះទឹកជំនន់ឱ្យចេញពីទីក្រុងអស់ក្នុងរយៈពេលតែមួយថ្ងៃ។
- Video Advertisement -