រដ្ឋនឹងកែប្រែមុខមាត់កោះសាមសិបជាសហគមន៍អេកូទេសចរណ៍ដ៏គួរជាទីទាក់ទាញបំផុត
ផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ កោះសាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ នឹងកែប្រែសហគមន៍អេកូទេសចរណ៍កោះសាមសិបក្លាយជាតំបន់ដ៏គួរជាទីទាក់ទាញមួយក្នុងខេត្តក្រចេះ។
សិក្ខាផ្សព្វផ្សាយផែនការមេអភិវឌ្ឍសហគមន៍អេកូទេសចរណ៍សាមសិបរយៈពេល០៥ឆ្នាំ ២០២២-២០២៦ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ខាំ សុភាព អភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ។
សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាទីកម្សាន្ដដ៏មនោរម្យ និងជាទីបណ្ដុំមរតកធម្មជាតិដ៏សម្បូរបែប មានចម្ងាយ ៩៥គ.ម ពីរង្វង់មូលក្រុងក្រចេះ ដែលមានទីតាំងក្នុងភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លាតសន្ធឹងតាមដងទន្លេមេគង្គ សហគមន៍នេះមានផលិតផលសក្ដានុពលធម្មជាតិទាក់ទាញទេសចរដូចជា កោះតូចធំ ឆ្នេរខ្សាច់សក្បុស ព្រៃឈើតូចធំ ទន្លេ សត្វព្រៃ សត្វស្លាប និងត្រីជាច្រើនប្រភេទ។
ភ្ញៀវទេសចរអាចជិះទូកមើលសត្វស្លាប និងទស្សនីយភាពក្នុងតំបន់ បោះតង់ លេងកីឡា នេសាទត្រី ដើរថ្មើរជើង មើលទេសភាពថ្ងៃលិច ពិសារអាហារ និងភេសជ្ជៈជុំគ្នា និងអង្គុយជជែកគ្នាជុំវិញភ្នក់ភ្លើងនាពេលរាត្រី។