រដ្ឋនឹងស្នើថវិកា ៦ពាន់លានរៀល ដើម្បីស្ថាបនាផ្លូវលេខ៧៦ ពីស្រុកស្នួល ទៅខេត្តមណ្ឌលគិរី
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ ដើម្បីប្រើប្រាស់លើការស្ថាបនា កែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត (ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុត (ត្រង់ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម បានបញ្ជាក់ថា ចំពោះផ្លូវវាងបណ្តោះអាសន្នបានឈូសឆាយរួចរាល់ និងកំពុងបើកឱ្យដំណើរការ ហើយក្រសួងកំពុងពិចារណាថាតើយកផ្លូវវាងនេះ ដើម្បីតភ្ជាប់ផ្លូវលេខ៧៦ តែម្តង ឬយកថវិកាទៅជួសជុលផ្លូវដែលបាក់ស្រុត ដោយកំពុងពិនិត្យលក្ខណៈបច្ចេកទេស និងតម្លៃនៃការជួសជុលនេះ។ (អានបន្ថែម)
ទន្ទឹមនឹងនេះ ឯកឧត្តម បានបន្ថែមថា ក្នុងឆ្នាំ២០២៤ ខាងមុននេះ ក្រសួងនឹងស្នើសុំដកថវិកាចំនួន ៦០០០ពាន់លានរៀល ស្មើនឹង ១,៥លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។
គួររម្លឹកដែរថា ផ្លូវជាតិលេខ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវDBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួន ៥១.៩០០.០០០ ដុល្លារ។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕
- Video Advertisement -