រដ្ឋបាលខេត្តកំពតបើកភ្លើងខៀវដល់សំណើអភិវឌ្ឍរមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង

រដ្ឋបាលខេត្តកំពតបានបើកភ្លើងខៀវដល់សំណើអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរថ្មីមួយកន្លែង នៅមាត់ឆ្នេរដងព្រែកកំពង់បាយ ប៉ុន្តែស្នើឱ្យក្រុមហ៊ុនវិនិយោគសិក្សាបន្ថែម និងបញ្ជូនរបាយការណ៍ពេញលេញ មកឱ្យរដ្ឋបាលពិនិត្យជាថ្មីម្ដងទៀត មុនឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងដូច្នេះថា បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងកាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា កន្លងទៅ។

ឯកឧត្តម មានប្រសាសន៍ថា៖ «ក្រុមហ៊ុនបានស្នើចង់បង្កើតឆ្នេរថ្មីមួយប្រវែង ៣០០ម៉ែត្រនៅតាមដងព្រែកកំពង់បាយស្ថិតនៅសង្កាត់កំពង់កណ្តាល នៃក្រុងកំពត។ បន្ទាប់ពីពិនិត្យទីតាំង គម្រោងនេះគឺអាចធ្វើទៅបាន ប៉ុន្តែក្រុមហ៊ុនត្រូវតែសិក្សាបន្ថែមទៀត»។

«យើងត្រូវតែធានាថា គម្រោងនេះធ្វើឡើងប្រកបដោយគុណភាព និងនិរន្តរភាព បង្កផលប៉ះពាល់តិចបំផុតដល់បរិស្ថាននិងមនុស្ស និងពិសេសអាចបម្រើដល់ផលប្រយោជន៍សាធារណជនឱ្យបានច្រើន» ឯកឧត្តមបានបន្ត។

ទោះយ៉ាងណា ឯកឧត្តម សង្ឃឹមថា ប្រសិនបើគម្រោងអនុម័តឱ្យអនុវត្ត វានឹងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត បង្កើតឱកាសអាជីវកម្មបន្ថែម និងជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់។

- Video Advertisement -