រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្តល់ដីដល់ម្ចាស់សំណង់ចំនួន ១៨០ ដែលរងផលប៉ះពាល់ពីគម្រោងស្តារអូរ-ប្រឡាយ
រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនម្ចាស់សំណង់ចំនួន១៨០ដែលរងប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ នេះបើយោងតាមសេចក្តីជូនដំណឹងមួយចុះផ្សាយដោយរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែ មេសា។
សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា មានសំណង់របស់ប្រជាពលរដ្ឋប្រមាណជា ៦១០ គ្រួសារស្ថិតក្នុងភូមិសាស្ត្រនៃគម្រោងខាងលើ ដែលក្នុងនោះ សំណង់ប្រមាណជា ៤៣០បានរងផលប៉ះពាល់ដោយផ្នែក និងប្រមាណជា ១៨០ បានរងផលប៉ះពាល់ទាំងស្រុង។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ផ្អែកតាមគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ម្ចាស់សំណង់ដែលរងផលប៉ះពាល់ទាំំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយចំនួន ១៨០ គ្រួសារ ខាងលើ នឹងត្រូវទទួលបានដីសម្បទានសង្គមកិច្ចចំនួន ១ឡូតិ៍ក្នុងមួយគ្រួសារ ពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសាងសង់លំនៅឋាន»។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា រដ្ឋបាលខេត្ត បាននិងកំពុងសិក្សាទាំងទីតាំំង និងទំហំដែលត្រូវផ្តល់ជូនម្ចាស់សំណង់ទាំងលើនេះ។
ទោះមិនបានបញ្ជាក់ពីថ្ងៃខែជាក់លាក់នៃការបញ្ចប់ការសិក្សានេះក្តី លោក ឃាង ភារម្យ ជឿជាក់ថា ការសិក្សានេះ អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ សាលាខេត្តតម្រូវឱ្យ ប្រជាពលរដ្ឋទាំង ១៨០ គ្រួសារខាងលើ ត្រូវទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះឲ្យបានត្រឹមត្រូវ នៅសាលាខេត្ត ចាប់ពីថ្ងៃទី ១៦ ខែមេសា ដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០។
គួរបញ្ជាក់ថាគម្រោងស្តារប្រឡាយ និងអូរខាងលើគឺ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ដែលគម្រោងនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជា ២,៥លានដុល្លារអាមេរិក៕ (អានបន្ថែម)