រដ្ឋប្រកាសអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ពីការកេងចំណេញហួសហេតុក្នុងការជួញដូរអចលនទ្រព្យ
ក្រសួងពាណិជ្ជកម្ម បានប្រកាសពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមានការយកផលចំណេញហួសហេតុក្នុងវិស័យអចលនទ្រព្យ និងលំនៅឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វិស័យអចលនទ្រព្យ និងលំនៅឋាន នៅកម្ពុជាកំពុងមានសន្ទុះ ដែលបានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងផុសផុល ក្នុងវិស័យជួញដូរអចលនទ្រព្យ ដែលអាចនឹងបង្កឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ ឬកឹបកេងយកផលចំណេញពីអ្នកប្រើប្រាស់ដោយហួសហេតុ។
ក្រសួងពាណិជ្ជ បានបន្ថែមទៀតថា កន្លងមកនេះ ក្នុងចរន្តនៃការទិញ លក់អចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្ដង់ដារនៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួនមានភាពមិនសុចរិត។ ទម្រង់ស្ដង់ដារនៃកិច្ចសន្យាខ្លះមិនបានផ្ដល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែងឬលក្ខខណ្ឌ ណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។
ដោយឡែក ទម្រង់ស្ដង់ដារនៃកិច្ចសន្យាមួយចំនួនទៀត បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលរបស់បុគ្គលធ្វើធុរកិច្ចលើការធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែ ឬផ្លាស់ប្តូរចំណុចសំខាន់ណាមួយលើប្រភេទ បរិមាណ តម្លៃ និងគុណភាពនៃទំនិញនិង/ឬសវា ឬកែប្រែខសន្យាសំខាន់ៗនៃទម្រង់ស្ដង់ដារនៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយ ដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។
ហេតុនេះ ដើម្បីការពារអ្នកប្រើប្រាស់ពីការយកចំណេញហួសហេតុ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញប្រកាសស្តីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដារនៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះ អ្នកដែលទទួលរងនូវការកេងយកចំណេញហួសហេតុពីបុគ្គលធ្វើធុរកិច្ចក្នុងវិស័យអចលនវត្ថុ និងលំនៅឋាន តាមរយៈការរៀបចំនូវទម្រង់ស្តង់ដារនៃកិច្ចសន្យាដែលមិនសុចរិត អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលមានទីតំាងនៅផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២៣១ ៨៥៦ ឬ ០៩២ ៨៣០ ៨៥៦។
- Video Advertisement -