រដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ប្រសិនបើមិនបានអនុវត្តតាមវិធានសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល រង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា។ ខ្ញុំសម្រេចយប់មិញ តាមសំណើរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្តម ម៉ម ប៊ុនហេង ព្រោះប្រសិនជាបើកវាលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះធ្វើម៉េចបើកសាលារៀនមុនសិន អត្រាឆ្លងគឺធ្លាក់ចុះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ ស្ទើរគ្រប់វិស័យបាននេះ ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា រួមទាំងការចាក់វ៉ាក់សាំងផងដែរនោះ ទើបពេលនេះប្រជាពលរដ្ឋយើងអាចបើកដំណើរប្រទេសឡើងវិញ។

- Video Advertisement -