រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគតម្លៃ ២០៨លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់គម្រោងធំៗចំនួន ២៤ ដែលមានតម្លៃ ២០៨ លានដុល្លារ គឺជាជំពូកថ្មីមួយនៅក្នុងការផ្លាស់ប្តូររបស់ខេត្តទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពហុបំណង។

រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ ២០២៦ ក្រោមទុនវិនិយោគជាង ២០៨ លានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៦។

ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៤ ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៨ គម្រោងថ្មី ចំនួន ១៥ និង គម្រោងពង្រីក ចំនួន ១ ដែលមានទុនវិនិយោគសរុបប្រមាណ ២០៨ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣.១២០ កន្លែង។ គម្រោងទាំង ២៤ នេះ មានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ រោងចក្រផលិតសម្ភារៈពេទ្យ គម្រោងរោងចក្រកែច្នៃម្សៅត្រី អគារពហុមុខងារ និង អគារស្នាក់នៅរួម។

នាឱកាសនោះ ឯកឧត្តម បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមការងារសម្រេចជាគោលការណ៍ផ្តល់ ការលើកទឹកចិត្តពិសេសដល់គម្រោងនានាហើយ ក្រុមការងារ និងក្រសួងស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគដោយរលូន។

សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៤-២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧.៩៧១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥២.០០៤ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង គម្រោងវិនិយោគថ្មី ១៧៨ គម្រោង គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋពិនិត្យលទ្ធភាពអនុគ្រោះដល់គម្រោង ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦ លានដុល្លារ

ក្រុមការងារលើកកម្ពស់ការវិនិយោគខេត្តព្រះសីហនុ ពិនិត្យសំណ […]

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរ […]