រដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews

លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។

សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។

ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ ២០២៣ ចំពោះសណ្ឋាគារ, ផ្ទះ សំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាបផងដែរ។

ក្នុងនោះដែរ រដ្ឋក៏បានសម្រេចលើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ ២០២៣ ក្នុងនោះរួមមាន ប្រាក់ពន្ធ, ពន្ធបន្ថែម, ការប្រាក់, ពន្ធបន្ថែម ២៥% និងការប្រាក់រត់បន្ត ចំពោះសហគ្រាសដែលស្ថិតក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មស្ថិតក្នុងខេត្តសៀមរាប។

ចុងក្រោយ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យក្រសួងទេសចរណ៍ ជាអ្នកទទួលភារកិច្ចដើម្បីចាត់ចែង រៀបចំ និងដាក់ចេញនូវផែនការសកម្មភាពឱ្យបានជាក់លាក់ ដើម្បី​អនុវត្តកម្មវិធីពិសេស «ទស្សនាសៀមរាប ឆ្នាំ២០២៤» ឱ្យបានរួចរាល់នៅមុនដំណាច់ឆ្នាំ ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]