រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។
គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖
- លក់ដុំ លក់រាយ និងជួសជុល
- សេវាកម្មស្នាក់នៅ និងអាហារ
- សិប្បកម្ម និង
- សហគមន៍កសិកម្ម។
សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖
១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។
២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។
៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។
៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី។
បើទោះជាមានការលើកទឹកចិត្តបែបនេះក៏ដោយ សហគ្រាសទាំងនេះ ត្រូវកាន់បញ្ជីការគណនេយ្យ និងដាក់លិខិតប្រកាសសារពើពន្ធ តាមការកំណត់ជូនរដ្ឋបាលសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
គួរបញ្ជាក់ថា «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។
- Video Advertisement -