រដ្ឋអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត និងកន្លែងកម្សាន្តផ្សេងៗវិញហើយ តែត្រូវប្រយ័ត្នជាងមុន

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត សារមន្ទី រោងភាពយន្ត និងរៀបចំពិធីរៀបការវិញហើយ តែត្រូវមានវិធានការការពារប្រយ័ត្នជាងមុន។

បើយោងតាមសារសំឡេងពិសេសមួយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសារព័ត៌មាន Fresh News បានចេញផ្សាយពីថ្ងៃទី១៨ ខែវិច្ឆិកា ការអនុញ្ញាតិឱ្យកន្លែងដូចដែលរៀបរាប់ខាងលើបើកដំណើរការវិញគឺដើម្បីជំរុញដង្ហើមសេដ្ឋកិច្ច ក្រោយកន្លែងទាំងនេះត្រូវបានបិទក្រោយព្រឹត្តិការណ៍ «៣វិច្ឆិកា»។ (អានបន្ថែម)

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។

សម្តេចបានមានប្រសាសន៍ថា សាលារៀននឹងចាប់ផ្ដើមបើកឡើងវិញនៅថ្ងៃទី ២៣ វិច្ឆិកា ហើយក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្ដើមបើកកន្លែងផ្សេងៗទៀត តាមការគួរនិងគោរពតាមការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

សម្តេច បន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕

- Video Advertisement -