រដ្ឋអនុម័តឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុឆ្នាំ ២០៣៨ ជាផ្លូវការហើយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ដល់ឆ្នាំ២០៣៨ ជាផ្លូវការ ដើម្បីជាទិសដីសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្រុងព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព ។
បើយោងតាមសេចក្តីសម្រេចលេខ ០៤៥ សសរ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្លង់គោលនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ដីក្នុងក្រុងឲ្យមានប្រសិទ្ធិភាព និងលើកកម្ពស់វិស័យទេសចរណ៍ ឧស្សាហកម្ម ព័ស្តុភារកម្ម ពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។
ប្លង់គោលនេះ បានដាក់ចេញនូវផែនការអាទិភាពជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍក្រុង រួមមាន៖
-ការអភិរក្ស និងការអភិវឌ្ឍតំបន់នគរូបនីយកម្ម
-ការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព
-ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធ
-ការអភិវឌ្ឍសេដ្ឋកិច្ច
-ការអភិវឌ្ឍសង្គមកិច្ច
-ការការពារបរិស្ថាន និងការគ្រប់គ្រងសំណល់
-ការបង្ការទប់ស្កាត់គ្រោះមហន្តរាយ
ប្លង់គោលប្រើប្រាស់ដីនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់៥ ឆ្នាំម្តង ក្នុងករណីចំាបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែសីហា ក៏បានបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ (អានបន្ថែម)
ការងារនេះ ជាផ្នែកមួយនៅក្នុងការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ ផែនការមេជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី ២។
កន្លងមក រដ្ឋបានអនុវត្តការងារលើកកម្ពស់ខេត្តនេះជាបន្តបន្ទាប់ ដូចជាការស្ថាបនាផ្លូវ ៣៤ ខ្សែ និង ផ្លូវ ១១ ខ្សែ ការពង្រីកកំពង់ផែ និងព្រលានយន្តហោះ ការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ទាំង ៣ និងការងារផ្សេងៗទៀត។