រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងរោងចក្របំពង់ទីបដែកមួយទៀតនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Robustahl Co., Ltd ក្នុងការបណ្ដាក់ទុនវិនិយោគចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយកន្លែងក្នុងខេត្តព្រះសីហនុ។

រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយនេះនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការបង្កើតរោងចក្រមួយនេះនឹងជួយបង្កើតការងារបានចំនួន ៥៥២កន្លែងដល់អ្នករស់នៅក្នុងតំបន់។

ទាក់ទងនឹងឧស្សាហកម្មដែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្មីៗនេះក៏ទើបនឹងអនុម័តឲ្យក្រុមហ៊ុន Hai Sheng Steel Co., Ltd. បោះទុនជាង ៣៦ លានដុល្លារអាមេរិកលើគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺផងដែរ (អានបន្ថែម)។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនវៀតណាមក៏គ្រោងនឹងវិនិយោគ ៥០០ លានដុល្លារសាងសង់រោងចក្រដែកនៅខេត្តព្រះសីហនុ ហើយតំបន់ស្ទឹងហាវនឹងក្លាយជាទីតាំងសក្ដានុពលសម្រាប់គម្រោងមួយនេះ (អានបន្ថែម)។

គួរបញ្ជាក់ផងដែរថា មួយទសវត្សរ៍កន្លងមកនេះ វិស័យសំណង់និងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំង ដែលជះឥទ្ធិពលដល់តម្រូវការក្នុងឧស្សាហកម្មដែកឲ្យមានកំណើនខ្ពស់ផងដែរ។

ថ្លែងនៅឯវេទិកាឧស្សាហកម្មដែកកម្ពុជាកាលពី ខែឧសភា កន្លងមកនេះ លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group បានបញ្ជាក់ថា ៖ “ឧស្សាហកម្មដែកបានចូលរួមជាគ្រឹះមួយដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យឧស្សាហកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងសង្កេតឃើញថា តម្រូវការប្រើប្រាស់ដែកនៅក្នុងទីផ្សារគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ”។

ក្រៅពីគម្រោងរោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោង ៣ ដទៃទៀតរួមមាន៖

១) “HUICAI PACKAGING (CAMBODIA) CO., LTD” ជាគម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ព មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។

២) “UNION GAKKI (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតព៉្យាណូកែច្នៃ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥កន្លែង។

៣) “CAMBO HONGSHENG ELECTRONICS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារអេឡិចត្រូនិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,១៤លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]