រដ្ឋាភិបាលបានប្រកាសពីកញ្ចប់ថវិកា២ប៊ីលានដុល្លារ សម្រាប់ជួយវិស័យធនាគារទុកដោះស្រាយវិបត្តិ

រាជរដ្ឋាភិបាលប្រកាសកញ្ចប់ថវិកា២ប៊ីលានដុល្លារ ទន្ទឹមនឹងនោះធនាគារកណ្តាលក៏បានសម្រួលលំហូរសាច់ប្រាក់សម្រាប់វិស័យធនាគារយកទៅប្រើប្រាស់ ដែលជាផ្នែកមួយនៃវិធានការដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។

នេះជាការលើកឡើងរបស់ លោកជំទាវ ជា សេរី ជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានពិភពលោកអំពីវិធានការរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាកូវីដ១៩។

លោកជំទាវបានបង្ហោះសារតាមបណ្ដាញសង្គម Instagramថារដ្ឋាភិបាលប្រកាសកញ្ចប់ថវិកាបម្រុង ២ប៊ីលានដុល្លារនេះគឺសម្រាប់ជួយសម្រួលដល់វិស័យធនាគារក្នុងកំឡុងពេលកូវីដ១៩នេះ។

លោកជំទាវបានបន្ថែមទៀតថា៖ «ថវិកា ២ ប៊ីលានដុល្លារនេះអាចប្រើប្រាស់គ្រប់គ្រាន់ ចាប់ពីពេលនេះ រហូតដល់បំណាច់ឆ្នាំ។ ប៉ុន្តែ រដ្ឋាភិបាល ក៏ត្រូវតែស្វែងរកវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ផលប៉ះពាល់នេះ។ បច្ចុប្បនេះ យើងបានដោះស្រាយជាមួយនឹងកម្មករ កម្មការិនីរោងចក្របានរួចរាល់ហើយ។ ជាពិសេសរដ្ឋាភិបាលនិងធនាគារជាតិបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូអាក្រក់ដែលនឹងកើតឡើង នៅពេលដែលផ្នែកខ្លះនៃ EBA ត្រូវបានដក។»

ដោយឡែក ចំពោះវិធានការត្រៀមសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច ក្នុងស្ថានភាពក្រោយពេលវិបត្តិកូវីដ ១៩ វិញ លោកជំទាវបានឲ្យដឹងថា កម្ពុជា គឺមិនទាន់បានត្រៀមខ្លួនជាមុននោះទេ ត្បិតថាមេរោគនេះ បានជះផលប៉ះពាល់ដ៏ធំធេងមកលើវិស័យទេសចរណ៍ ដូចជាប្រទេសដទៃទៀតដែរ។

ទន្ទឹមនឹងវិបត្តិកូវីដ ១៩ នេះ បានវាយប្រហារខ្លាំងទៅលើវិស័យជាច្រើនរាប់ទាំងឧស្សាហកម្ម ទេសចរណ៍ និងអចលនទ្រព្យ លោកជំទាវបានវាយតម្លៃថា ចំពោះវិស័យកសិកម្មវិញ កំពុងមានសន្ទុះខ្លាំង ទោះបីសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ។ ជាពិសេសជាឱកាសក្នុងការផ្ដល់ការងារដល់អ្នកចំណាកស្រុកត្រឡប់មកប្រទេសកម្ពុជា ឱ្យងាកមកមើលសក្តានុពលវិស័យកសិកម្មនេះវិញ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃ២៧ ខែមីនា របស់ធនាគារជាតិនៃកម្ពុជា ឥណទានសាងសង់ផ្ទះ ឬហាង និងឥណទានទិញផ្ទះ ត្រូវបានទទួលការអនុគ្រោះលើលក្ខខណ្ឌបង់ប្រាក់មួយចំនួន តាមរយៈ ”ឥណទានរៀបចំឡើងវិញ” ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩៕

- Video Advertisement -