រដ្ឋាភិបាលប្រកាសលើកលែងការបង់ពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ២ខែបន្តទៀត
រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ២ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។
ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែត ដែលត្រូវអនុវត្ត ចាប់ពីខែ មិថុនា នេះ ទៅរហូត ដល់ខែ កក្កដា ឆ្នាំ២០២០។
រដ្ឋាភិបាលទើបនឹងចាត់វិធានការនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី “វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ” កាលពីថ្ងៃទី២៦ ឧសភា ២០២០ ក្នុងគោលបំណងជួយដល់វិស័យឯកជននានា ដែលកំពុងរងការប៉ះពាល់ក្នុងវិបត្តិជំងឺកូវីដ-១៩ និងធានាលំនឹងសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិនៃជំងឺនេះ។
នៅក្នុងសេចក្ដីប្រកាសដដែលនេះ រដ្ឋាភិបាលក៏បានចេញនូវវិធានការសំខាន់ៗផ្សេងៗទៀត ដូចជា វិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិត វិធានការផ្ដល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម វិធានការបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩ វិធានការជំនួយសង្គម និងការដាក់ឲ្យអនុវត្តថ្នាលចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីជាវិធានការឆ្លើយតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាលមកពីការភ័យខ្លាចចំពោះជំងឺកូវីដ-១៩៕ (អានបន្ថែម)