រដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់

ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។

ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីការរីករាលដាលនៅក្នុងប្រទេសបានធ្លាក់ចុះ ហើយពលរដ្ឋស្ទើរគ្រប់គ្នាទទួលបានវ៉ាក់សាំង។

ជាមួយនឹងការប្រកាសបើកប្រទេសនេះ អាជីវកម្មស្ទើរតែទាំងអស់ត្រូវបានអនុញ្ញាត លើកលែងតែខារ៉ាអូខេ។

- Video Advertisement -