រាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យអភិវឌ្ឍលំនៅឋានតម្លៃសមរម្យថែមទៀត
រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញ និងទាក់ទាញឱ្យវិនិយោគិនទាំងក្នុងស្រុក និងបរទេស ឱ្យមកសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅឋានដោយផ្តោតលើការជំរុញឱ្យប្រជាពលរដ្ឋអាចទទួលការរស់នៅសមរម្យ។
គោលនយោបាយនេះ ផ្ដល់ឱកាសចំណេញច្រើនដល់អ្នកអភិវឌ្ឍន៍ តាមរយៈការតភ្ជាប់ផ្លូវ ប្រព័ន្ធទឹក ភ្លើង ការលើកលែងពន្ធពេលមិនទាន់លក់ ជាពិសេសការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ជាទីផ្សារដ៏ធំ និងមានស្ថិរភាពរយៈពេលយូរ។
ថ្លែងនៅក្នុងវេទិកា Rainmaking Cambodia តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៥ ឧសភា ឯកឧត្តម សុជាតិខេមរ៉ូ លើកឡើងថា បច្ចុប្បន្នទីផ្សារលំនៅឋាន គឺសម្រាប់តែប្រជាពលរដ្ឋដែលមានចំណូលខ្ពស់។
«ដូច្នេះ រដ្ឋចង់ឱ្យអ្នកវិនិយោគមកសង់លំនៅដ្ឋានតម្លៃសមរម្យថែមទៀត។ លើសពីនេះ តម្លៃគឺមិនគួរមានតម្លៃខ្ពស់ជាង ៣ម៉ឺនដុល្លារ ឡើយ ដើម្បីឱ្យប្រជាពលរដ្ឋមានចំណូលទាប និងមធ្យមអាចទិញបាន»។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបមានចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ (អានបន្ថែម)
យ៉ាងណាមិញ បើសិក្សាលើតម្រូវការវិញ ត្រឹមឆ្នាំ ២០៣០ ក្រសួងព្យាករណ៍ថា ប្រទេសកម្ពុជានឹងត្រូវការលំនៅដ្ឋានជាង ១លានខ្នងបន្ថែមទៀត ដែលក្នុងនោះតម្រូវការក្នុងរាជធានីភ្នំពេញនឹងមានរហូតដល់ទៅ ៨សែនខ្នង។ (អានបន្ថែម)