រោងចក្រថ្មីចំនួន៧ តម្លៃជាង ៦០លានដុល្លារ ទទួលបានការអនុម័តឱ្យបង្កើតនៅកំពង់ស្ពឺ កណ្តាល និងភ្នំពេញ
កាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៧ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ៦០,១លានដុល្លារ នៅខេត្តកំពង់ស្ពឺ-៤កន្លែង កណ្តាល-២កន្លែង និងភ្នំពេញ-១កន្លែង។
គម្រោងទាំង៧នេះ រួមមានដូចខាងក្រោម៖
១- “CAMBODIAN GOLDEN FRUIT TRADING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ។
២- “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារ។
៣- “HUA XING JIANG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារ។
៤- “ROUTE 88 MANUFACTURING COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។
៥- “XINHENGLI (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ។
៦- “INTERNATIONAL AIR LIFE CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។
៧- “JU HONG SHI YE YOU XIAN GONG SI CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ CP៥-F៦ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។
យោងតាម CDC ការបណ្តាក់ទុននេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតឱកាសការងារថ្មីចំនួន ១១.៨៦៧កន្លែង សម្រាប់ប្រជាជនកម្ពុជា ដែលនេះជាកត្តាជំរុញឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។
រូបភាពពី ATAD
- Video Advertisement -