វិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍

សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។

គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។

ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។

គួរបញ្ជាក់ដែរថា ថ្មីៗ នេះ រដ្ឋាភិបាល ក៏បានសម្រេចលុបចោលកម្មវិធីអង្គរសង្រ្កាន្ត ក្រោយពីរកឃើញថាបុរសខ្មែរម្នាក់មានផ្ទុកវីរុសកូវីដ១៩ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕

- Video Advertisement -