វិភាគ៖ តើកម្ពុជាអាចស្រូបយកវិនិយោគិនបន្ថែមបានទេ ខណៈប្រទេសជិតខាងកំពុងមានបញ្ហានយោបាយ?

កន្លងមកនេះ បន្ថែមពីលើបញ្ហាកូវីដ ឃើញថាប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃកំពុងតែប្រឈមបញ្ហានយោបាយ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគទូទៅភាគច្រើន យល់ឃើញថាវាជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបយកគម្រោងវិនិយោគធំៗបន្ថែម ពិសេសក្រោយវិបត្តិកូវីដ១៩។

ការយល់ឃើញដូច្នេះគឺ អាចនឹងពិតឬ មិនពិត អាស្រ័យលើកត្តាច្រើនយ៉ាង។ បើយោងតាមការវិភាគរបស់សេដ្ឋកិច្ចវិទូទាំងក្នុង និងក្រៅស្រុក កត្តាទាំងនោះរួមមាន រយៈពេលនៃបញ្ហានយោបាយរបស់ប្រទេសជិតខាងថានឹងបន្ត ឬបញ្ឈប់នៅពេលណា ផែនការរយៈពេលវែងរបស់វិនិយោគិន និងចំណែកទីផ្សារដែលវិនិយោគបានត្រៀមជាដើម។

ប៉ុន្តែកត្ដាដែលសំខាន់បំផុតដែលអ្នកវិភាគយល់ស្របដូចគ្នា គឺកត្តាផ្ទៃក្នុង របស់ប្រទេសកម្ពុជាផ្ទាល់ ពោលគឺ តើកម្ពុជាអាចកាត់បន្ថយនីតិវិធីស្មុគស្មាញ និងក្រៅផ្លូវការទាក់ទិននឹងការវិនិយោគ ឬសុំសិទ្ធិធ្វើអាជីវកម្មនានា បានកម្រិតណា។ បើអាចធ្វើទៅបាន ចំណែកទីផ្សារមួយភាគធំ នឹងហូរចូលមកប្រទេសកម្ពុជា។

កន្លងមក ស្ថិរភាពនយោបាយ និងសង្គម គឺជាចំណុចទាក់ទាញគម្រោងវិនិយោគមកកម្ពុជាក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក្ដី ភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជានៅក្នុងក្របខ័ណ្ឌច្បាប់ និងការអនុវត្តជាក់ស្តែង នៅតែជាបញ្ហាប្រឈម និងជាឧបសគ្គកាត់បន្ថយទំនុកចិត្តពីវិនិយោគិនក្នុងរយៈពេលវែង។

ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោក (World Bank) បានចាត់លំដាប់បរិយាកាសធុរកិច្ចនៅកម្ពុជាឆ្នាំ ២០២០ ថានៅលំដាប់ទី ១៤៤ ក្នុងចំណោម១៩០ ប្រទេស ។ ចំណែកឯ ការស្នើសុំសិទ្ធិសាងសង់វិញ កម្ពុជាស្ថិតនៅលំដាប់ទី ១៧៨ ពោលគឺការស្នើសុំគឺមានភាពស្មុគស្មាញខ្លាំង បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត។ (អានបន្ថែម)

ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី អ្នកស្រី Deborah Elms បានប្រាប់កាសែត Business Times ថាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមវិធីផ្សេងទៀត ដើម្បីធ្វើឱ្យកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចទៅដល់ចំណុចអតិបរមាគឺ ការធ្វើឱ្យបទប្បញ្ញត្តិនានាក្នុងស្រុក ឱ្យងាយស្រួលជាងមុន។

អ្នកស្រីបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនជាច្រើន កំពុងស្វែងរកទីតាំងថ្មីៗ ដើម្បីធ្វើពិពិធកម្មអាជីវកម្ម ពោលគឺដើម្បីកាត់បន្ថយហានិភ័យពីការដាក់រោងចក្រនៅប្រទេសតែមួយ។ ក្រុមហ៊ុនទាំងនោះ ចូលចិត្តរកទីផ្សារដែលងាយស្រួលធ្វើអាជីវកម្ម ពិសេសប្រទេសដែលមានច្បាប់ច្បាស់លាស់»។

លោកស្រីបន្តថា បើប្រទេសកម្ពុជាកាត់បន្ថយភាពស្មុគស្មាញនេះបាន ក្រោយវិបត្តិកូវីដ កម្ពុជានឹងកាន់តែមានការប្រកួតប្រជែងនៅក្នុងតំបន់។

សេដ្ឋកិច្ចវិទូក្នុងស្រុក បណ្ឌិត ឆេង គីមឡុង ដែលជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យ ក៏យល់ឃើញដូចគ្នាថា កម្ពុជាត្រូវតែកែតម្រូវអភិបាលកិច្ច បទប្បញ្ញត្តិរដ្ឋបាលសាធារណៈ និងគោលនយោបាយនានា ឱ្យមានតម្លាភាពជាងមុន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែម។

ក្រឡេកមើលសកម្មភាពរបស់រដ្ឋាភិបាលវិញ កម្ពុជាមិនមែននៅស្ងៀមនោះទេ តែក៏កំពុងធ្វើការយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហានេះ។ ជាក់ស្ដែងដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះ ទើបបានបញ្ចប់សេចក្ដីព្រាងច្បាប់ស្តីពីការវិនិយោគ ហើយ។

ច្បាប់នេះរំពឹងថានឹងចូលជាធរមានក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ ប្រសិនបើមិនមានអ្វីផ្ដាស់ប្ដូរនោះទេ។

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតភាពប្រាកដប្រជានៃនីតិវិធីនានាទាក់ទិននឹងការវិនិយោគ ក៏ដូចជាដើម្បីជំរុញទឹកចិត្ដវិនិយោគិនបរទេសផងដែរ។

ឯកឧត្តមបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃសេចក្តីព្រាងនេះទេ ប៉ុន្តែបានបង្ហាញថា ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។

គួរបញ្ជាក់ផងដែរ កម្ពុជាមានឱកាសជាច្រើនដែលកំពុងរង់ចាំនៅពេលអនាគតដ៏ខ្លី ស្ទើរគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់។ ឱកាសទាំងនេះ អាចមើលឃើញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនទើបតែចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូងដែលគ្រោងនឹងចុះហត្ថលេខា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃទៀតជាច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]