សណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ​២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតា​វិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារ​ការ​​រង​​ផល​​ប៉ះ​ពាល់​ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍​របស់​ក្រសួង​ទេស​ចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ក្នុងប្រទេសកម្ពុជាមានសរុបចំនួន ៧៣៩ទីតាំង ដោយឡែកភោជនីយដ្ឋានមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង​ ២ពាន់​កន្លែង​កំពុងបើកដំណើរការ និង ៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។

ជាមួយគ្នានេះផងដែរ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមាន​ប្រសា​ស​ន៍​​ថា​ ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដែល​មូល​​​ដ្ឋានអាជីវកម្មប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្ត​គោលដៅទេសចរ​ណ៍ផ្សេងទៀត រង​ផល​ប៉ះពាល់តិចតួច។

រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយ​ចំនួន​នៅ​ស្ទាក់​ស្ទើរ មិនទាន់បើកដំណើរការ។

ឯកឧត្តមបានបន្ថែមថា «នៅក្នុងរដូវកាលដែលមានភ្ញៀវទេសចរណ៍ច្រើន គឺចាប់ពីខែតុលា វិច្ឆិកា ធ្នូ អាចថាដល់ពេលនោះ ចំនួន​​ភ្ញៀវ​ទេ​សចរអន្តរជាតិអាចនឹងកើនឡើងច្រើន ដែលធ្វើឱ្យចំនួនមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានបិទ​កន្លង​ទៅ គាត់អាចបើកបន្តថែមទៀតដែរ»។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជាមានជិត ៨ពាន់អាជីវកម្ម ក្នុងនោះ ៦៨១អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះដែរខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះអាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ។

- Video Advertisement -