សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីបង្ហាញខ្លួនដើម្បីស្វាគមន៍មហាសង្ក្រាន្តអង្គរនៅឆ្នាំនេះ
កំណែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជុំវិញប្រាសាទខេត្តសៀមរាបជាច្រើន បានលេចមុខមាត់ជាបណ្តើរៗ ដើម្បីត្រៀមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលកាន់តែខិតជិតចូលមកដល់។ សមិទ្ធិផលសម្រាប់អបអរមហាសង្ក្រាន្តសៀមរាបសម្រាប់ឆ្នាំថ្មីនេះ រួមមានការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះ មកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត និងគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំ។
ការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះសៀមរាប រហូតមកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត ដែលមានប្រវែងសរុប ៣៥៤៦ ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)បានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ២០២០ ហើយ នេះបើយោងទៅតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។
ទទ្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏កំពុងអនុវត្តគម្រោងពង្រីក និងកែលម្អផ្លូវជុំវិញតមអង្គរធំ ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី មានប្រវែងសរុប ២៤៧៦ ម៉ែត្រ ដែលមានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង និងចែកជា ០២ កំណាត់ផ្លូវ។ កំណាត់ផ្លូវទី ១ មានប្រវែង ១,០៧៦ ម៉ែត្រចាប់ពីប្រាសាទប្រែរូបដល់ស្រះស្រង់ រីឯកំណាត់ផ្លូវទី ២ មានចម្ងាយ ១៤០០ ម៉ែត្រ គិតចាប់ពីស្រះស្រង់ ដល់ប្រាសាទបន្ទាយក្តី។ គម្រោងកែលម្អកំណាត់ផ្លូវនេះ គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ។
ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ គឺដើម្បីឱ្យផ្លូវនៅជុំវិញបរិវេណតំបន់អង្គរ កាន់តែមានសោភណភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងប្រារព្ធធ្វើឡើងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ដែលមានទីតាំងស្ថិតនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្ត ក្រោមប្រធានបទ “អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត”។ កាលពីឆ្នាំ ២០១៧ ខេត្តសៀមរាប ទទួលបានប្រាក់ចំណូលប្រមាណ ៩៥លានដុល្លារអាមេរិក ជាមួយនឹងចំនួនអ្នកចួលរួមប្រមាណ ១.៦ លាននាក់ពីការរៀបចំពិធីសង្ក្រាន្តអង្គរ នេះ៕
- Video Advertisement -