សម្ដេចហ៊ុន សែន៖ ទោះមានបញ្ហាកូវីដ ១៩ អាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល
ទោះបីជាបញ្ហាជំងឺកូវីដ ១៩ បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែអាជីវកម្មអចលនទ្រព្យដំណើរការធម្មតា ហើយលំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃ ៣០ មិថុនា ២០២០នេះ។
សម្ដេចក៏ធា្លប់បានថ្លែងក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីថា ថ្វីបើសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករអវិជ្ជមានក្នុងឆ្នាំ ២០២០ ក៏ដោយក៏ការដ្ឋានមួយចំនួនរបស់ ក្រុមហ៊ុនដូចជា ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបើកការដ្ឋានសាងសង់ទាំងអស់។ រីឯ ការទិញលក់ផ្ទះវិញ នៅតែបន្តជាធម្មតា ទោះបីជាមិនសូវដាច់ច្រើនដូចពីមុនក៏ដោយ។
ទន្ទឹមនឹងនេះដែរ ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក៏បានជំរុញឲ្យអ្នកដែលមានលទ្ធភាពវិនិយោគលើវិស័យអចលនទ្រព្យបន្តវិនិយោគលើវិស័យនេះ ខណៈកំឡុងពេលនេះ គឺជាពេលដ៏ល្អបំផុតសម្រាប់វិនិយោគ ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។ (អានបន្ថែម)
បន្ថែមពីនេះ លំនៅឋានបែប shophouse (អាជីវកម្មនៅផ្ទះ) ក៏កំពុងតែពេញនិយម នាពេលបច្ចុប្បន្នផងដែរ។ យោងតាមរបាយការណ៍ ទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia សម្រាប់ត្រីមាសទី១ ឆ្នាំ ២០២០ តម្លៃលក់សម្រាប់ លំនៅឋានបែប shophouse កើនឡើងប្រមាណ ៣,៩% បើធៀបនឹងឆ្នាំ ២០១៩។
ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា ផលអវិជ្ជមានទៅលើទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជាមិនសូវធ្ងន់ធ្ងរទេសម្រាប់ត្រីមាសទី១ ប៉ុន្តែអាចនឹងរងសម្ពាធអវិជ្ជមានយ៉ាងខ្លាំង ចាប់ពីត្រីមាសទី២ តទៅ បើការរាតត្បាតនេះនៅតែបន្ត។
យ៉ាងណាមិញ ភ្នាក់ងារនេះក៏បានព្យាករថាស្ថានភាព ទីផ្សារអាចនឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំ ២០២០ ឬដើមឆ្នាំ ២០២១ ប្រសិនបើស្ថានភាពកូវីដ ១៩ ប្រសើរឡើងវិញ៕ (អានបន្ថែម)