សម្តេចតេជោអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារជួល បញ្ចុះតម្លៃ និងពន្យារពេលយកប្រាក់ជួល
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារពាណិជ្ជកម្មជួលទាំងអស់ ឲ្យមានការយោគយល់ដល់ភាគីអ្នកជួលក្នុងការបញ្ចុះតម្លៃ និងពន្យារពេលនៃការយកប្រាក់ជួល ខណៈពេលអាជីវកម្មមួយចំនួនរងការប៉ះពាល់ អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
សម្តេចបានមានប្រសាសន៍ថា៖ « សូមកុំកាប់មេមាន់ទទួលទាន គួរតែរក្សាទុកមេមាន់នេះ ដើម្បីថ្ងៃក្រោយឲ្យវាមានពងតទៅទៀត។ ចឹងបើសិនជាយើងកាប់គ្នាពេលនេះ ចឹងបានសេចក្តីថាហាងនឹងត្រូវបានបិទរហូតគ្មានពីណាគេជួលបន្តទៅទៀតនៅថ្ងៃក្រោយ។ ប៉ុន្តែបើសិនជាយើងអនុគ្រោះឲ្យគ្នាមួយខែ ពីរខែ ឬ បញ្ចុះថ្លៃ គឺយើងអាចរក្សាអតិថិជន ឲ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍ មានភាពប្រសើរឡើងវិញ។»
គេសង្កេតឃើញថា ចំពោះមុខភាពប្រឈមនៃវិបត្តិមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ រាប់តាំងពី ការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់អចលនទ្រពក្រោម ៧ ម៉ឺនដុល្លាជាដើម។ (អានបន្ថែម)
បន្ថែមពីលើនោះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានផងដែរ៕ (អានបន្ថែម)