សម្តេចតេជោ៖ អំពាវនាវសុំស្ថាប័នឯកជនបន្តយោគយល់ក្នុងការបញ្ចុះថ្លៃការជួលទីតាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសអំពាវនាវសុំការបន្តយោគយល់ពីវិស័យឯកជន ក្នុងការបញ្ចុះថ្លៃការជួលទីតាំង ក្នុងគ្រាដែលវិបត្តិជំងឺកូវីដ ១៩ នៅមិនទាន់ផុតរលត់នៅឡើយនេះ។
នាថ្ងៃទី ០៧ មេសា ២០២០ ក្នុងសន្និសីទព័ត៌មានពិសេសមួយ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា នៅវិមានសន្តិភាព សម្តេចតេជោ បានឡើងលើកត្រង់ចំនុច ពីការអនុះគ្រោះរវាង វិស័យឯកជន និងឯកជន ថា “ …ចំនុច ចុងក្រោយ ខ្ញុំសុំអំពាវនាវ ដល់វិស័យឯកជន ដែលខ្ញុំបាននិយាយនៅសភា កាលពីថ្ងៃទី ៣០ ដូចជាការជួល ខ្លះបើកហាងនេះ ហាងនោះ ជួលអគារគេទេ ពេលវេលានេះលក់អត់ដាច់ ទៅយកថ្លៃអគារពេញមិនបានទេ ត្រូវបញ្ចុះថ្លៃនៅក្នុងពេលហ្នឹង បើអ្នករកស៊ីរកមិនបាន ..ទៅរកលុយពីគ្នាធ្វើអី ត្រូវយោគយល់ត្រង់ហ្នឹង ឯកជន និង ឯកជន។”
ក្នុងសេចក្តីអំពាវនាវជាថ្មីនេះ សម្តេច ហ៊ុន សែន នៅតែបន្ត និងសង្កត់ធ្ងន់ដដែលត្រង់ ការបង់រំលោះទៅលើវិស័យអចលនទ្រព្យ ថា “ បង់រំលោះ ក៏ដូចគ្នា មិនគួរអោយមានការរឹបអូសផ្ទះ និង ដី ក្នុងអំឡុងពេលមានជំងឺកូវីដ។ វិធានការខាងផ្នែកធនាគារក៏ដូចគ្នា ត្រូវបង្ហាញពីការយោគយល់ ឧទាហរណ៍ពន្យារការសង ឬ ការសងអត្រាការប្រាក់… មិនផាកពិន័យ។”
ទោះយ៉ាងណាក៏ដោយ ដើម្បីចៀសវាងការយកបញ្ហាកូវីដ១៩ ជាលេសគេចពីការទទួលខុសត្រូវ សម្តេចបានបន្ថែមដែរថា “ ពេលខ្លះត្រូវតែមើលផងដែរ អ្នកខ្លះអត់រងផលប៉ះពាល់ទេ ពីកូវីដ បែរជាទៅយករឿងហ្នឹង ធ្វើបញ្ហាដែរអត់បានទេ ។”
គួររម្លឹកផងដែរថា កាលពី ថ្ងៃទី ៣០ មិនា ២០២០ សម្តេចក៏ធ្លាប់បានលើកឡើងពាក់ព័ន្ធនឹងរឿងនេះ ម្តងហើយ ព្រមទាំងបានបញ្ជាក់ច្បាស់ថា នេះមិនមែនជាការដាក់បទបញ្ជាទេ តែជាការស្នើសុំអោយមានការយោគយល់គ្នា ក្នុងគ្រាដែលកំពុងជួបវិបត្តិ៕ (អានបន្ថេម)