សម្តេចហ៊ុនសែនប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុតរបស់កម្ពុជា ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពព័ន្ធសំខាន់ៗ។
ការប្តេជ្ញាខាងលើនេះ គឺធ្វើឡើងក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និង លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) កាលពីថ្ងៃទី ១៥ ខែ តុលា កន្លងទៅនេះ។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស និងឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
សម្ដេចបានសរសេរទៅលើទំព័រហ្វ៊េសប៊ុកផ្លូវការថា៖ «អ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ»។
ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពព័ន្ធខាងលើ រដ្ឋាភិបាលកម្ពុជាត្រូវផ្តល់អាទិភាពជាពិសេសទៅលើវិស័យផ្សេងទៀតដូចជាអគ្គិសនីជាដើម ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការសាងសង់ និងការអភិវឌ្ឍន៍នានា។
ជាមួយនឹងផែនការនេះ សម្តេចក៏បានស្នើឲ្យ UNIDO ធ្វើការគាំទ្រគម្រោងអាទិភាពខាងលើនេះផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមផងដែរ។ (អានបន្ថែម)