សាលាក្រុងបញ្ជាឱ្យរុះរើ អាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់ក្នុងពេល ២ ខែ
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការថ្មីទុកពេល ២ ខែ ឱ្យអ្នកបើកហាង ឬធ្វើអាជីវកម្មរំលោភចិញ្ចើមផ្លូវទាំងអស់រុះរើ ឬប្ដូរទីតាំង មិនដូច្នោះនឹងចាត់វិធានការក្ដៅ ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពនៅរាជធានីភ្នំពេញ។
នេះជាវិធានការថ្មីមួយទៀត បន្ទាប់ពីវិធានការរំដោះចិញ្ចើមផ្លូវចាស់អនុវត្តមិនទទួលបានប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មិថុនា ឯកឧត្ដម ឃួង ស្រេង បានដាក់បទបញ្ជាទៅឱ្យអាជ្ញាធរខណ្ឌត្រូវចុះអនុវត្តវិធានការខាងលើជាបន្ទាន់ ដោយចាប់ផ្ដើមចេញពីការជូនដំណឹង។
ជាមួយនឹងវិធានការថ្មីនេះ សាលាក្រុងនឹងទុករយៈពេល ២ខែ ដើម្បីឱ្យពួកគាត់រុះរើ ឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុង បើមិនដូច្នោះនឹងដោះស្រាយតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។
ឯកឧត្ដម ឃួង ស្រេង ថ្លែងថា៖ «វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន៥ នៅកណ្ដាលរាជធានីភ្នំពេញ ឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ»។
ឯកឧត្ដម បន្តថា ដូច្នេះ អាជ្ញាធរខណ្ឌត្រូវចុះជូនដំណឹង ពិសេសអ្នកលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យ ឱ្យប្រញាប់រុះរើយកចូលផ្ទះពួកគាត់វិញ ឬបើគ្មានផ្ទះត្រូវរើទៅជាយក្រុង។
យ៉ាងណាក្ដី សម្រាប់អាជីវករលក់ដូរនៅក្នុងផ្ទះ ឬទីតាំងរបស់ខ្លួនត្រឹមត្រូវ គឺមិនមានបញ្ហាទេ៕